(ភ្នំពេញ)៖ វគ្គសិក្សាខ្លី អំពីរបៀបសរសេរព័ត៌មាន របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ជំនាន់ទី២ បានបញ្ចប់ដោយជោគជ័យហើយ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ក្រោយពីបានសិក្សាអស់រយៈពេល ៣ខែ។ វគ្គសិក្សាដែលនេះ បានចាប់ផ្ដើមដំបូង នៅថ្ងៃទី០៥ ខែកុម្ភៈ ដែលមានសិក្សាអំពីការសរសេរព័ត៌មានក្ដៅ និងការសរសេរបទយកការណ៍។
ការសិក្សារយៈពេល៣ខែ មានសិក្ខាកាមចូលរៀនជាង៥០នាក់ ដោយបានរៀនទាំងទ្រឹស្ដី និងការអនុវត្ត។ ហើយនៅព្រឹកថ្ងៃទី០៧ ខែឧសភានេះ ក៏មានការប្រឡងទាំងទ្រឹស្ដី និងការអនុវត្តផងដែរ ដើម្បីវាស់ស្ទង់ពីសមត្ថភាពរបស់សិក្ខាកាមក្រោយបញ្ចប់ការសិក្សា។ ក្រោយបញ្ចប់ការសិក្សាសម្រាប់ជំនាន់ទី២នេះ វគ្គសិក្សាថ្មី វគ្គ៣ នឹងបើកទទួលពាក្យចូលរៀន នៅក្នុងអំឡុងខែមិថុនា ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា FTC បានបើកដំណើរវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានចំនួន២វគ្គ រួចមកហើយ ដោយវគ្គទី១ គឺបណ្ដុះបណ្ដាលទៅលើបុគ្គលិកនៃអង្គភាពព័ត៌មាន Fresh News ផ្ទាល់តែម្ដង ខណៈវគ្គទី២ ដែលទើបតែបិទបញ្ចប់នេះ គឺបណ្ដុះបណ្ដាលទៅលើអ្នកដែល ចង់ចេះចង់យល់ដឹងអំពីវិស័យសរសេរព័ត៌មាន និងចង់ក្លាយជាអ្នកសាព័ត៌មាន។
មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334