(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា តាមរយៈតម្លៃសន្តិភាព និងប្រទេសជាតិបានសុខសាន្ត រួមទាំងពង្រឹងសុវត្ថិភាពសង្គម ក្នុងភូមិសង្កាត់ល្អប្រសើរ ដោយភាពជឿទុកចិត្ត។

លោកថ្លែងបែបនេះនៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២ ពេលចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន១១៦នាក់ ស្ថិតនៅភូមិសន្សំកុសល់២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ បានលើកឡើងពីការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រធានក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះ សំណាលនាពេលព្រឹកនេះ។

លោក ឌី រ័ត្នខេមរុណ បានលើកឡើងពី វឌ្ឍនភាព ការអភិវឌ្ឍសន្តិភាព និងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋានខណ្ឌ ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផលជាច្រើនទៀត ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ជូនប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូរប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិតប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

លោកបន្ថែមថា «សូមប្រឆាំងដាច់ខាតរាល់ឧបាយកល ជនទុច្ចរិតរបស់ពួកអគតិមួយចំនួន ដែលមានបំណងបំផ្លិតបំផ្លាញ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ ការអភិវឌ្ឍន៍ និងការបំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋកម្ពុជា»។

ម្យ៉ាងវិញទៀត លោកបានណែនាំដល់ក្រុមការងារសង្កាត់ ត្រៀមបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋនៅរាល់លិខិតស្នាមឯកសារផ្សេងៗ ដែលតម្រូវឲ្យចូលរួមបោះឆ្នោត និងណែនាំសមាជិកបក្ស ត្រៀមខ្លួន និងត្រៀមលក្ខណៈបានគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះដែលជិតចូលមកដល់។

ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារផ្តល់ជូនសមាជិក សមាជិកា គណបក្ស ចំនួន ១១៦នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ៕