(ភ្នំពេញ)៖ ក្រុមហ៊ុន ANA (All Nippon Airlines) នឹងបើកការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ហើយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនឹងនានា នឹងចាប់ផ្តើមរៀបចំសិក្ខាសាលាដើម្បីបង្ហាញអំពីការហោះហើរជាប្រវត្តិសាស្រ្តនេះ ចាប់ពីអំឡុងខែសីហា ខាងមុខនេះតទៅ។
សិក្ខាសាលាមួយនៅក្នុងខែសីហាខាងមុខនេះ នឹងមានការចូលរួមពីក្រសួង ស្ថាប័នសាធារណៈ ពាក់ព័ន្ធនានា និងប្រតិបត្តិករជប៉ុន-កម្ពុជា ដើម្បីផ្សព្វផ្សាយអំពី ការហោះហើរ លើកដំបូងជាប្រវត្តិសាស្រ្តនេះ ហើយក៍៏នឹងមានរៀបចំពិធីស្វាគមន៍ដ៏សមរម្យមួយ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរ។
នេះបើតាមការបញ្ជាក់របស់ លោក ជា កុសល នាយកខុទ្ធកាល័យក្រសួងទេសចរណ៍ ក្រោយពីមានជំនួបរវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោកអនុប្រធានក្រុមហ៊ុន ANA និងប្រធានសហព័ន្ធទេសចរណ៍កម្ពុជា កាលពីល្ងាចថ្ងៃទី១២ ខែឧសភា។
លោក ជា កុសល បានបន្ថែមថា «យើងសង្ឃឹមថានឹងមានទេសចរ និងអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ហើយនឹងបង្កលក្ខណៈងាយស្រួល ដល់ទេសចរកម្ពុជាធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុនផងដែរ»។
បច្ចុប្បន្ន រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជាបានផ្តល់ទិដ្ឋាការចេញចូលច្រើនដង ដល់ទេសចរជប៉ុន និងកម្ពុជាដែលមានសុពលភាពរហូតដល់ រយៈពេល៣ឆ្នាំ។ នៅឆ្នាំ២០១៥ កន្លងទៅ មានភ្ញៀវទេសចរជប៉ុនប្រមាណជាង១៩ ម៉ឺននាក់ បានមកទស្សនាព្រះរាជាណាចក្រកម្ពុជា៕