(កំពង់ចាម)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត និងបោសសំអាត នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួល មរណភាពនៅថៃ្ងព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦៖២៥នាទីល្ងាច ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។

ក្នុងឱកាសដ៏មហាសែនសោកសង្រេង ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានចូលរួមសមានទុក្ខពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកសៅ និងស្ពាយស្រណោះ អាឡោះអាល័យយ៉ាងក្រៃលែង បំផុត និងបានចាត់ទុក្ខមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទី គោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តសណ្តោសមេត្តា ព្រមទាំងជាការ បាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបរបស់ប្រជាជាតិកម្ពុជា ដែលក្នុងមួយជីវិតឯកឧត្តមបានខិតខំតស៊ូគ្រប់ បែបយ៉ាងក្នុងការបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមចងចាំជានិច្ចចំពោះគំរូវីរភាព និងពលិកម្មដ៍ធំធេងដែលឯកឧត្តម បានលះបង់អស់ពីកម្លាំងកាយចិត្តចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយគុណបំណាច់នេះ បានឆ្លាក់ជាប់នៅក្នុងក្រអៅបេះដូងយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង បានទៅកាន់ទីបរមសុខ នៅក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕