(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ លោក លោកស្រី អភិបាលរងខេត្ត សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត និង សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌ ចូលរួមមរណទុក្ខ ជាមួយគ្រួសារសពដែលស្លាប់ដោយរន្ទះបាញ់ និង សម្តែងការសោកស្តាយចំពោះការបាត់បង់កូន កូនប្រសារ ប្តី និង មិត្តជាទីស្រឡាញ់ដល់ទីកន្លែង នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចការដ្ឋានទី៧ ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានករណីរន្ទះបាញ់ស្លាប់ប្តីនៅនឹងកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់។
ជនរងគ្រោះដែលជាប្តីមានឈ្មោះ មឿន សុភ័ក្ត្រ អាយុ ២៦ឆ្នាំ និងប្រពន្ធមានឈ្មោះ មូល ស្រីតូច អាយុ ២៣ឆ្នាំ ពួកគេទាំង២នាក់ប្តីប្រពន្ធរស់នៅ និង ធ្វើការនៅរាជធានីភ្នំពេញ ហើយបានមកលេងឳពុកម្តាយ នៅឯខេត្ត (ភូមិសង្កាត់កើតហេតុខាងលើ)។
មុនពេលកើតហេតុជនរងគ្រោះ បានទៅកាច់ទំពាំងជាមួយក្មួយស្រី ដើម្បីមកធ្វើម្ហូប ខណៈនោះមេឃស្រទុំរកភ្លៀង លាយឡុំដោយសូររន្ទះពេញផ្ទៃមេឃ ក៏នាំគ្នាស្រូតទៅផ្លាស់ក្របីនៅខាងក្រោយផ្ទះ ស្រាប់តែរន្ទះបាញ់ចំប្តីស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុ ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន ភ្លាមៗនោះលោកបានចំណាត់ការជាបន្ទាន់ ជុំវិញការជួយសង្គ្រោះស្ត្រីរងគ្រោះឲ្យបានរួចផុតពីគ្រោះថ្នាក់ និង បាននាំយកអំណោយផ្ទាល់ខ្លួន ប្រគល់ជូនគ្រួសារសពដល់លំនៅដ្ឋានកន្លែងកើតហេតុ រួមមានអង្ករ១០០គីឡូក្រាម, មី៣កេស, ទឹកក្រូច២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា១លាន២០ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភទាំងស្រុងនូវការព្យាបាល និងដឹកជញ្ជូនសាកសពទៅធ្វើបុណ្យនៅឯស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ។
លោក ម៉ៅ ធនិន បានសម្តែងនូវការសោកស្តាយ អំពីការបាត់បង់កូន កូនប្រសារ ប្តី និងជាមិត្តម្នាក់ជាទីស្រឡាញ់ និងសូមចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសព ដោយក្តីអាឡោះអាឡៃជាទីបំផុត ដោយបានពាំនាំនូវការផ្តាំផ្ញើ និង សាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូសុខទុក្ខដល់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាសពបុរស មឿន សុភ័ក្ត្រ ដែលស្លាប់ដោយរន្ទះបាញ់ និងប្រពន្ធរងរបួសធ្ងន់នេះជាដើម ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមិនប្រកាន់អំពីនិន្នាកាអ្វីឡើយ។
អំណោយបន្ថែម របស់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ថវិកា៤០ម៉ឺនរៀល, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ថវិកា២០ម៉ឺនរៀល, លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថវិកា២០ម៉ឺនរៀល និង ទឹកដោះគោឆៅ២យួរ៕