(ភ្នំពេញ)៖ វរសេនីយ៍ត្រីលោក ឯក សេរីវុធ អធិការរងទទួល ផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងល្បាតរបស់នគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ សហការជាមួយនិងកម្លាំងនគរបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ធំ ដែលជននេះបានរក្សាទុកនៅជាប់នឹងខ្លួន ព្រមទាំងម៉ូតូ១គ្រឿងម៉ាក CBR។
ក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនត្រូវជាប់សង្ស័យទាំង២នាក់ ខាងលើត្រូវបានធ្វើឡើងនៅល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុច ក្បែរវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ បានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខាងលើនេះ មានឈ្មោះឈិន ប្រណី អាយុ២១ឆ្នាំ ជាជនជាតិ ខ្មែរឥស្លាម មានមុខរបរធ្វើស្រែ ស្នាក់នៅ ភូមិសំពោងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះជា ធុយ អាយុ១៩ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅ ភូមិជ្រលង ឃុំត្រពាំងត្នោត ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជាទូទៅកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌ រួមទាំងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ តែងតែយាមកាមល្បាតជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណែនាំពីលោក វរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយ ចង្វារ ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ ជាពិសេសគឺអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ច បានធ្វើការបញ្ជូនខ្លួនជន សង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងទៅឃុំខ្លួនស្រាវជ្រាវបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំចាត់តាមនិតិវិធីនៃផ្លូវច្បាប់៕