(កណ្តាល)៖ ដោយសារតែគ្មានការចុះបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចខេត្តកណ្តាល ទាំងនគរបាល និងកម្លាំងអាវុធហត្ថ ព្រមទាំងកម្លាំងគណ:បញ្ជាការឯកភាពស្រុកនោះ បានជំរុញឲ្យប្រជាពលរដ្ឋ បានផ្ញើសារ និងរូបថតមកកាន់អង្គភាព Fresh News ដើម្បីចុះផ្សាយពីល្បែងជល់មាន់ដ៏ធំ ស្ថិតនៅក្នុងបន្ទាយវរ:ព្រំដែន៦០៥ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ដែលបានបើកដំណើរការជាង១ឆ្នាំ មកហើយ ធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំង ដែលពីមុនភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែឥឡូវនេះ ជនជាតិខ្មែររាប់រយនាក់ បានសម្រុកទៅលេងយ៉ាងច្រើនកកកុញ។
ប្រជាពលរដ្ឋរូបនេះទំនងសាច់ញាតិរបស់ខ្លួន លង់ខ្លួនជាមួយល្បែងជល់មាន់មួយនេះ បាននិយាយថា ល្បែងអបាយមុខនេះ បានធ្វើឲ្យមានជម្លោះក្នុងគ្រួសារ រហូតវាយតប់គ្នា បំផ្លាញទ្រព្យសម្បត្តិ និងលែងលះគ្នាទៀតផង ដូច្នេះហើយមានតែការលុបបំបាត់ទេ ទើបអាចបញ្ចប់ស្ថានភាពទាំងនេះ។
សាររបស់ប្រជាពលរដ្ឋដែលផ្ញើមកកាន់អង្គភាពយើងខ្ញុំ មានអត្តន័យយ៉ាងដូច្នេះថា «ទីតាំងគឺក្នុងបន្ទាយវរ:ព្រំដែន ៦០៥ ដែលមានលោក លុយ ធៀម ជានាយក ស្ថិតនៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ ទីតាំងនេះបានដំណើរការជាង ១ ឆ្នាំហើយ សង្ស័យមានពាក់ព័ន្ធតាំងពីឃុំ ស្រុក ខេត្តទៅ ពីព្រោះនរណាក៏ដឹងដែរអំពីទីតាំងនេះ តែគ្មានដែលឃើញប៉ូលីស និងប៉េអឹម ណាអើតកេសាមើលទេ។ អភិបាលខេត្តក៏ធ្លាប់ទៅដល់ទីនោះដែរ។ ពិចារណា??? ខំធ្វើផ្លូវ ធ្វើប្រឡាយ ធ្វើសាលា ១ លានទៀតក៏ប្រជាជននៅតែខឹងដែរ ព្រោះកន្លែងដែលប្រជាជនត្រូវការជួួយ អាជ្ញាធរធ្វើមិនដឹង។ លុយកាក់ដែលខំរកទាំងលំបាក ត្រូវរលាយដោយល្បែងអបាយមុខនេះ។ ប្តីប្រពន្ធឈ្លោះគ្នា គ្រួសារបែកបាក់ ព្រាត់ប្រាស់និរាស ចុងបញ្ចប់លក់ខ្ទេចលក់ខ្ទី លក់ទាំមនះសិការ ស្អប់រាជរដ្ឋាភិបាលដែលមិនជួយអោយគាត់មានបានដូចគេ»។
ខាងលើនេះគ្រាន់តែសាររបស់អ្នកស្រុកកោះធំ ប៉ុណ្ណោះ ពិតឫយ៉ាងណានោះ សូមឲ្យសមត្ថកិច្ច និងអាជ្ញាធរចុះទៅមើលផង៕