(កំពង់ធំ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិចុងដា ឃុំត្បូងពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបង្ហាញការត្រេកអរយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានជួយអន្តរាគមន៍ភ្លាមៗ ចំពោះការជួយផ្តល់អណ្តូងទឹក និងស្រះទឹក ខណ:ដែលពួកគាត់ កំពុងជួបបញ្ហាប្រឈមការខ្វះខាតទឹកនៅពេលនេះ។
លោក គាង សេងគី មេឃុំត្បូងក្រពើ នៅព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០១៦នេះ បានឲ្យដឹងថា ភូមិចុងដា គឺជាភូមិមួយក្នុងចំណោមភូមិទាំងប្រាំរបស់ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋចំនួន៣៣០ គ្រួសារមានមនុស្ស ចំនួន១៤៨៦នាក់ ស្រី៧៧០នាក់ បានជួបរងគ្រោះដោយខ្វះទឹកប្រើប្រាស់ នៅក្នុងភូមិមានអណ្តូងចំនួន១២០អណ្តូង ប៉ុន្តែត្រូវរីងខះអស់គ្មានសល់។
ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋនៅក្នុងភូមិ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានជួយឧបត្ថម្ភជីកស្រះចំនួន២កន្លែង ស្រះទី១មានទំហំ២០ ម៉ែត្រx១២ ម៉ែត្រ x ៣ម៉ែត្រ និងស្រះទី២ មានទំហំ២៤ម៉ែត្រ x ១ម៉ែត្រ x ៣ម៉ែត្រ។
ប៉ុន្តែ ដោយអាកាសធាតុមានសភាពកាន់តែក្តៅបានធ្វើឲ្យស្រះទាំងពីរ ត្រូវរីងស្ងួតអស់ឃើញ ហេតុដូច្នេះហើយ លោកបានស្នើសុំទៅលោក សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជានាយកគម្រោងឧបត្ថម្ភបន្ទាន់ហិរញ្ញប្បទានបន្ថែម បានជួយជីកស្រះមួយទំហំ ២២ម៉ែត្រ x ១២ម៉ែត្រ x ៤ម៉ែត្រ អស់ទឹកប្រាក់១.០០០ដុល្លារ។
ក្នុងរយៈពេលនៃការប្រើប្រាស់ទឹក នៅតែមិនគ្រប់តាមតម្រូវការ លោកក៏បានស្នើសុំទៅសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានជួយជីកស្រះមួយមានទំហំ៥០ម៉ែត្រ x ២០ម៉ែត្រ x ៤ម៉ែត្រ អស់ទឹកប្រាក់ ៥.០៧០ដុល្លារ និងជួយស្តារស្រះចាស់ មានទំហំ ២៤ម៉ែត្រ x ១៨ម៉ែត្រ x ១ម៉ែត្រ បន្ថែមជំរៅស្រះចាស់៣ ម៉ែត្រ អស់ទឹកប្រាក់ ៦០០ដុល្លារ ដោយបានចាប់ដំណើរការជីកពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ដែលមានទឹកប្រើប្រាស់ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋជួបការលំបាក និងសូមគាំទ្រដល់សម្តេចបន្តដឹកនាំនាវាកម្ពុជាបន្តទៅទៀត៕