(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃកន្លះ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងសមាជិកប្រតិបត្តិការ ស្ដីពី «ការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត» បានបិទបញ្ចប់នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងទីស្ដីការគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោក ទេព នីថា បានលើកឡើង អំពីការធ្វើទំនើបកម្មក្នុងដំណើរការរៀបចំការបោះឆ្នោតដែល គ.ជ.ប ធ្វើបានជោគជ័យជាបណ្ដើរៗ។ លោកបានថ្លែងថា ផ្អែកតាមច្បាប់បោះឆ្នោតថ្មីជាធរមាន កាលពីឆ្នាំ២០១៦ គ.ជ.ប បានរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលនេះគឺជាជំហានដំបូងក្នុងការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត។

ចំពោះការធ្វើទំនើបកម្មការរៀបចំការបោះឆ្នោត នាពេលបច្ចុប្បន្ននេះ លោកអគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា ក្រោយពីទទួលបានជោគជ័យក្នុងជំហានទី១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គ.ជ.ប បាននិងបន្តពង្រឹង និងពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីជាជំនួយដល់ដំណើរការរៀបចំការបោះឆ្នោត ដែលមានជាអាទិ៍៖

* កម្មវិធីគ្រប់គ្រងការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត
* កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ)
* កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត
* កម្មវិធីគ្រប់គ្រង និងស្វែងរកទីតាំងការិយាល័យបោះឆ្នោត ទីតាំងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទីតាំងសាលាឃុំ សង្កាត់ និងទីតាំង គធ.ខប។

លោក ទេព នីថា បានបន្ថែមថា ផ្អែកតាមស្មារតីច្បាប់បោះឆ្នោតជាធរមាន ដែលបានតម្រូវឱ្យ គ.ជ.ប ធ្វើការផ្សព្វផ្សាយតែឈ្មោះទីតាំងការិយាល័យបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធនានាក្នុងការទំនាក់ទំនង និងស្វែងរកសេវាបោះឆ្នោតផ្សេងៗ គ.ជ.ប បានដាក់បញ្ចូលទីតាំងសំខាន់ៗមួយចំនួនទៀត រួមមាន ទីតាំង គឃ.សប ទីតាំងសាលាឃុំ សង្កាត់ និងទីតាំង គធ.ខប ទៅក្នុងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទទំនើប (App)។

យោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់មានការយល់ដឹងល្អប្រសើរ អំពីប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងការកំណត់ និងបំពេញទិន្នន័យរយៈទទឹង និងរយៈបណ្តោយ នៃទីតាំងការិយាល័យបោះឆ្នោត ទីតាំង គឃ.សប ទីតាំងសាលាឃុំ សង្កាត់ និងទីតាំង គធ.ខប លើប្រព័ន្ធប្រតិបត្តិការ ios និង Android ព្រមទាំងរបៀបស្វែងរកទីតាំងទាំងអស់នោះផងដែរ។

ជាមួយគ្នានេះ លោក ទេព នីថា បានណែនាំដល់ គធ.ខប ទាំង២៥ រាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈ និងសម្ភារឧបទ្ទេស ដើម្បីផ្តល់ការបណ្តុះបណ្តាលបន្តទៅមន្រ្តីបោះឆ្នោតថ្នាក់ក្រោម សម្រាប់ធ្វើជាមូលដ្ឋានអនុវត្តជាក់ស្តែងក្នុងការថត បញ្ជូន និងបញ្ចូលទិន្នន័យទីតាំងសកល GPS នៃទីតាំងដែលបានកំណត់ទាំងនោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ៕