(កំពង់ចាម)៖ នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមដាក់កម្រងផ្កា រំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ត មព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលបានទទួលមរណភាព ដោយជំងឺបេះដូង កាលពីវេលាម៉ោង ៦៖២៥នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋានស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ព្រមទាំងបានប្រគល់ជូនក្រុមគ្រួសារសព នូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំពីកាកបាទក្រហមកម្ពុជា ដែលបានចុះហត្ថលេខាដោយ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ហើយដែលក្នុងសារលិខិតនោះមានខ្លឹមសារថា «មរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជីតា ដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ ជាកុលបុត្រដ៏ល្អប្រពៃ ជាឥស្សរជន និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានដឹកនាំ គ្រប់គ្រងមន្ត្រីបានយ៉ាងល្អ បានធ្វើពលិកម្មគ្រប់បែបយ៉ាង មានស្នាដៃជាច្រើន មានក្ដីស្រឡាញ់ពី មហាជន រួមចំណែកនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ដើម្បីបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ»។
ថ្នាក់ដឹកនាំ មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕