(បាត់ដំបង)៖ នៅព្រឹកថ្ងៃសុក្រទី៦ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំប ដឹកនាំដោយលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា និងលោកស្រី ដោយមានការចូលរួមពីអស់លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាតមកពីភូមិចំនួន១៣៤ភូមិ លើឃុំចំនួន១៨នៃស្រុកចំនួន៣ រួមមាន៖ ស្រុកកំរៀង ស្រុកសំឡូត និងស្រុករតនមណ្ឌល នៃខេត្តបាត់ដំបង សរុបចំនួន៦១០គ្រួសារ។

ពិធីនេះដែលរៀបចំឡើងនៅទីតាំងចំនួន៣កន្លែងផ្សេងគ្នារួមមាន៖ ទីតាំងទី១ នៅសាលាស្រុកកំរៀង មានចំនួន២០០គ្រួសារ មកពីភូមិ៥១ នៃឃុំចំនួន៦ក្នុងស្រុកកំរៀង, ទីតាំងទី២ នៅសាលាឃុំមានជ័យ មានចំនួន២១០
គ្រួសារ មកពីភូមិចំនួន៤៩ភូមិ នៃឃុំចំនួន៧ ក្នុងស្រុកសំឡូត និងទីតាំងទី៣ នៅបរិវេណវត្តស្តៅខាងកើតឃុំស្តៅចំនួន២០០គ្រួសារ មកពីភូមិចំនួន៣៤ភូមិ នៃឃុំចំនួន៥ក្នុងស្រុករតនមណ្ឌល។

ក្នុងឱកាសជួបសំណេះសំណាលនោះលោក សុខ លូ បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានក្តីអាណិតស្រឡាញ់ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើ នូវក្តីនឹករលឹកចំពោះលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ និងគ្រួសារជនជាតិភាគតិចព្នងដែលងាយរងគ្រោះទាំងអស់ នៅតំបន់ដាច់ស្រយាលនេះប្រកបដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅបំផុត។

ជាមួយគ្នានេះដែរ លោកប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា ញញឹមដាក់គ្នា ស្រឡាញ់គ្នាដូចបងប្អូន ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងចេះថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកឱ្យបានគង់វង្ស អរគុណសន្តិភាព។

ឆ្លៀតក្នុងឱកាសនោះលោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធន ធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង។

ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថា ប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បាន ហើយអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

លោកបានបន្តអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ទី២បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយ សូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿង ស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែល១ដបផងដែរ៕