(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះអង្គគម្រប់ ៦៣ព្រះវស្សា យាងចូល៦៤ព្រះវស្សា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល ជយាភិរម្យ ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា។
ទូលព្រះបង្គំសូមលំឱនកាយចំពោះព្រះមហាករុណាទិគុណ និងក្រាបបង្គំថ្វាយនូវអំណរសាទររីករាយក្រៃលែង ប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមវត្ថុស័ក្តិសិទ្ឋិក្នុងលោក និងទេវតាព្រះនាងមណ្ឌាទេវី ជួយប្រោះព្រំ ថែរក្សាព្រះករុណាជាអម្ចាស់ សូមទ្រង់ប្រកបដោយពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសព្ឋសាធុកាពរបរវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរជាកូនចៅ របស់ព្រះអង្គ បានរស់នៅប្រកបដោយសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងរុងរឿងថ្កើងថ្កាន ជានិច្ចនិរន្តតទៅ។
សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី៖ ទូលព្រះបង្គំ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា