(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរបានសម្តែងការខឹងសម្បាជាខ្លាំងចំពោះបុគ្គលសង្ឃ ប៊ុត ប៊ុនតិញ ដែលបានមានសង្ឃដីកាប្រមាថ និងមើលងាយចំពោះជាតិខ្មែរ។
តាមរយៈវីដេអូមួយបង្ហោះកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃកំពុងគង់នៅទឹកដីអាមេរិក និងជាព្រះសង្ឃធ្វើនយោបាយគាំទ្រទណ្ឌិត សម រង្ស៉ី នោះ បានមានសង្ឃដីប្រមាថ និងមើលងាយយ៉ាងខ្លាំងដល់ជាតិសាសន៍ខ្មែរ។
វីដេអូនេះ គឺជាវីដេអូដែលព្រះតេជគុណ ប៊ុត ប៊ុនតិញ ធ្វើឡើងដោយការអាក់អន់ស្រពន់ចិត្ត ចំពោះប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករកំពុងរស់នៅសហរដ្ឋអាមេរិក ធ្វើសារគាំទ្រ និងត្រៀមស្វាគមន៍ចំពោះដំណើររបស់សម្តេចតេជោ ទៅកាន់ក្រុងវ៉ាស៊ីនតោន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីធ្វើសហប្រធាននៃកិច្ចប្រជុំកំពូលភាពជាដៃគូអាស៊ាន-អាមេរិក។
នៅក្នុងវីដេអូនេះ ព្រះសង្ឃមាននិន្នាប្រឆាំងនឹងរាជរដ្ឋាភិបាលខ្មែរ ប៊ុត ប៊ុនតិញ បានបង្ហាញនូវកំហឹងរបស់ព្រះអង្គ ហើយបានតិះដៀលដល់ខ្មែរនៅអាមេរិក ដែលគាំទ្ររាជរដ្ឋាភិបាល ជាពិសេសគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន។
មិនត្រឹមតែប្រតិកម្មខឹងនឹងខ្មែរដែលគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រសម្តេចតេជោប៉ុណ្ណោះទេ ព្រះតេជគុណ ប៊ុន ប៊ុនតិញ ក៏បានមានសង្ឃដីកាប្រមាថមើលងាយជាតិសាសន៍ខ្មែរទាំងមូលថែមទៀតផង។ ព្រះតេជគុណ បានមានសង្ឃដីកាបែបនេះ «ប្រាប់ញាតិញោមឱ្យត្រង់ ដុតធូបដុតទៀនយ៉ាងណាក៏ដោយកុំឱ្យមកជាខ្មែរ ខុសពីអ្នកដទៃគេសុំថាឱ្យកើតជាខ្មែរ តែអាត្មាអត់ទេ។ ទៅកើតពូជអីក៏ពូជទៅចុះ កុំឱ្យតែទៅកើតជាពូជខ្មែរ ព្រោះក្បាលវាថោក ជាតិពូជអត់កំណើត»។
សង្ឃដីការបស់ព្រះតេជគុណ ប៊ុន ប៊ុនតិញ បាននាំឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សម្តែងនូវការខឹងសម្បាជាខ្លាំង រហូតមានពលរដ្ឋខ្លះបានជេរប្រទេសព្រះតេជគុណ ដោយមិនខ្វល់ថាជាសង្ឃ ជាឧត្តមភេទនោះឡើយ។
ពលរដ្ឋខ្មែរខ្លះបានថ្លែងចំអកឡកលើយ និងបែបផ្ចាញ់ផ្ចាលឱ្យសង្ឃអង្គនេះថា បើស្អប់ខ្មែរដល់ម្លឹង ព្រះអង្គមិនចាំបាច់ចាំដល់ជាតិក្រោយនោះទេ គឺអាចធ្វើនៅជាតិនេះបាន ដោយប្រកាសលាលែងពីសញ្ជាតិខ្មែរ ឈប់ប្រើភាសាខ្មែរ ឈប់និយាយ ឈប់នឹកនាដល់រឿងរបស់ខ្មែរ និងឈប់ប្រាស្រ័យទាក់ទង ឈប់ពឹងបាយពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។ ពលរដ្ឋខ្មែរ បានចំអកទៀតថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ កុំថាឡើយលាសញ្ជាតិខ្មែរ លាត្រឹមតែភេទជាសង្ឃ ក៏មិនអាចធ្វើបានផង ព្រោះបើលាភេទជាសង្ឃនឹងលែងមានអ្វីទ្រទ្រង់ជីវិតទៀតហើយ។
ប្រជាពលរដ្ឋខ្មែរខ្លះទៀត ដោយសារតែខឹងនឹងការប្រមាថនេះ បានប្រដូចព្រះតេជគុណ ប៊ុត ប៊ុនតិញ ថាអន់ជាងសត្វតិរច្ឆាន ព្រោះថាសត្វតិរច្ឆាននៅស្គាល់សំបុករបស់ខ្លួន តែព្រះសង្ឃ ប៊ុត ប៊ុនតិញ សូម្បីជាតិកំណើតរបស់ខ្លួនក៏មើលងាយ។
ប្រជាពលរដ្ឋខ្មែរខ្លះ បានស្នើសុំឱ្យរាជរដ្ឋាភិបាលខ្មែរ មានចំណាត់ការច្បាប់លើបុគ្គលសង្ឃអង្គនេះ ដូចជាការការលុបចោលនូវសញ្ជាតិខ្មែរជាដើម៕