(ត្បូងឃ្មុំ)៖ អំពើឃាតកម្មដ៏សាហាវ ក្នុងគ្រួសារ២ករណី បានកើតឡើង នៅលើទឹកដីខេត្តត្បូងឃ្មុំ ដោយករណីទី១ ស្រ្តីម្នាក់បានចាក់សម្លាប់ម្តាយបង្កើតរបស់ខ្លួន ព្រោះតែខឹងស្តីឲ្យបន្តិចបន្តួច ខណ:បុរសម្នាក់ទៀតចាក់សម្លាប់ឪពុកក្មេក ព្រោះតែខឹងរឿងខ្ចីលុយ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា អំពើឃាតកម្ម កូនស្រីសម្លាប់ម្តាយបង្កើតខ្លួនឯង បានកើតឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ហេង ម៉ាលី ភេទស្រីអាយុ៣១ឆ្នាំជាតិខ្មែរ (មនុស្សវិកលចរឹក) បានយកកណ្តៀវទៅកាប់ម្តាយបង្កើតរបស់ខ្លួន ឈ្មោះ ហួត អូន អាយុ៤៨ឆ្នាំ ចំកណ្តាលដើមទ្រូង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួនតែម្តង។
ករណីនេះបណ្តាលមកពីជនសង្ស័យខឹង ជនរងគ្រោះជាម្តាយស្តីបន្ទោសឲ្យបន្តិបន្តួច។
ដោយឡែកឃាតកម្មមួយទៀត គឺកូនប្រសាចាក់សម្លាប់ឪពុកក្មេក បានកើតឡើងនៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
លោកស្នងការបានឲ្យដឹងថា ជនល្មើសមាន ឈ្មោះ ប៉េង រ៉ានី អាយុ ២៧ឆ្នាំ នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកកាំបិតស្នៀត ចាក់ទៅលើឪពុកក្មេក ឈ្មោះ អ៊ុត ឃីម អាយុ៤៨ឆ្នាំ នៅភូមិឃុំជាមួយ ចំនួន១កាំបិត បណ្តាលឲ្យរងរបួស បោះដៃផុតខាងស្តាំ យ៉ាងដំណំ។
បើតាមលោកស្នងការ មូលហេតុមកពីទំនាស់ពាក្យសំដីក្នុងគ្រួសារ ដោយសារប្រពន្ធជនល្មើស ឲ្យលុយម្តាយខ្ចីចំនួន ១០ម៉ឺនរៀល ដោយមិនបានប្រាប់ប្តី។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវក្រុមគ្រួសារបានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម តែអកុសលបានដាច់ខ្យល់ស្លាប់។
ចំណែកជនល្មើស សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបិទ បានឃាត់ខ្លួនបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕