(ពោធិ៍សាត់)៖ ប្តីប្រពន្ធ ដែលទើបតែរៀបការបាន ជាងមួយឆ្នាំ ត្រូវបានរន្ទះបាញ់ស្លាប់ប្តីនៅនឹងកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ខណៈត្រឡប់មកពីផ្លាស់ក្របីវិញ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចការដ្ឋានទី៧ ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់់ ខេត្តពោធិ៍សាត់។
លោកអនុសេនីយ៍ទោ អ៊ុន ហូ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលាប បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅនឹងកន្លែងកើតហេតុថា ជនរងគ្រោះ ដែលជាប្តី មានឈ្មោះ មឿន សុភ័ក្ត្រ អាយុ២៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និង ប្រពន្ធមានឈ្មោះ មូល ស្រីតូច អាយុ២៣ឆ្នាំ ពួកគេទាំង២នាក់ប្តីប្រពន្ធរស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់់ ខេត្តពោធិ៍សាត់។
លោកអនុសេនីយ៍ទោ បានបន្តថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្តីប្រពន្ធបានទៅកាច់ទំពាំងជាមួយក្មួយស្រី និង ភ្លាមនោះមានមេឃស្រទុំរកភ្លៀង លាយឡុំដោយសូររន្ទះពេញផ្ទៃមេឃ ក៏នាំគ្នាស្រូតទៅផ្លាស់ក្របីនៅខាងក្រោយផ្ទះ ស្រាប់តែរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់។
បច្ចុប្បន្ន លោក ម៉ៅ ធនិន អភិបាលខេត្ត និងប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បាននឹងកំពុងនាំយកអំណោយជួយសង្គោះបន្ទាន់ផងដែរ៕