(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការដាក់ខណ្ឌរដ្ឋបាលព្រៃឈើ និង ជលផល ឲ្យស្ថិត នៅក្រោមរដ្ឋបាលថ្នាក់ជាតិ ពោលគឺស្ថិតនៅក្រោមមន្ទីរកសិកម្មខេត្តល្មមដល់ពេលហើយ គ្រាដែលបញ្ហានេះ សម្តេចបានជំរុញឲ្យ ធ្វើរយៈពេល ៥ឆ្នាំមកហើយតែគ្មានលទ្ធផល។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាព្រៃឈើ និងជលផល មានបញ្ហាស្មុគស្មាញច្រើន ដោយសារតែរដ្ឋបាលព្រៃឈើ និងជលផលនៅតាមតាមខេត្តស្ថិតនៅឯករាជ្យ មិនចំណុះឲ្យមន្ទីរកសិកម្មនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ព្រោះកន្លងទៅនេះ រដ្ឋបាលព្រៃឈើ និង រដ្ឋបាលជលផល ដែលគេហៅថា ខណ្ឌនុះវាអត់នៅចំណុះឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិទេ វាជាអធិរាជមួយដោយឡែកគ្មានស្តាប់នរណា អ៊ីចឹងទេបានជាត្រូវបង្ខំ យើងកំពុងតែធ្វើរដ្ឋបាលឯកភាពមួយ មន្ទីរកសិកម្មតាមបណ្តាខេត្ត អត់មានរដ្ឋបាលព្រៃឈើ និងជលផលនៅទីនោះទេ មានតែសេតសាស្រ្ត បសុព្យាបាលអីប៉ុណ្ណឹងទេ។ ប៉ុន្តែមន្ទីរកសិកម្មក្រោយនេះ ត្រូវតែនៅក្នុងបណ្តាញវាតែមួយបានហើយ ឲ្យវានៅចំណុះឲ្យរដ្ឋបាលតាមថ្នាក់តែម្តង គឺមិនអាចមានខណ្ឌនៅដាច់ដោយឡែករបៀបនេះទេ គ្រប់គ្រងអត់បាន។ ម្តងថារាយការណ៍ឲ្យរដ្ឋមន្រ្តីកសិកម្មទៅ តែវាមិនស្តាប់ខេត្ត ចឹងបានបន្ទោសខេត្តថា ម៉េចមិនមើលព្រៃឈើ ម៉េចមិនមើលទៅ អាណឹង ក៏ពិបាកដែរ វាប្រទាញប្រទង់គ្នាអ៊ីចឹង»។
បើទោះបីជាយ៉ាងណា ប្រភពពីមន្រ្តីរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល បានឲ្យដឹងថា ដំណើរការរបស់ខណ្ឌរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលនេះ ហាក់មានដំណើរការល្អជាប្រក្រតី ប៉ុន្តែអ្វីជាបញ្ហានោះ គឺការបែងចែកអំណាចគ្រប់គ្រង និង ការបែងចែកផលប្រយោជន៍មិនស្មើ ពោលខាងខេត្ត និងមន្ទីរមានការអាក់អន់ស្រពន់ចិត្ត ដោយមិនអាចគ្រប់គ្រងលើខណ្ឌរដ្ឋបាលជល ផល និង ព្រៃឈើ៕