(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានបង្គាប់ឱ្យក្រសួងបរិស្ថាន ពិនិត្យមើលព្រៃឈើ តាមតំបន់មួយចំនួនទៀត ក្នុងប្រទេសកម្ពុជា ដើម្បីដាក់ជាតំបន់ព្រៃការពាររបស់រដ្ឋ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ២០១៦ របស់ក្រសួងកសិកម្ម នៅសាលចតុមុខ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ។ សម្តេចបានលើកឡើងថា «យើងនឹងបន្តមើលថែមទៀត មិនមែនដាក់តែ១៨កន្លែងទេ ត្រូវបន្តមើលទៀត កន្លែងណាដែលគួរដាក់ យកមកខ្ញុំស៊ីញ៉េ ព្រោះអត់មានត្រូវការកាប់ឯណាទៀតទេ ព្រោះកាប់វាច្រើនពេកណាស់ទៅហើយ»។
សម្តេចបានស្តីបន្ទោស ទៅនឹងរាជការដែលដឹកនាំដោយរដ្ឋាភិបាលចម្រុះ កាលពីអំឡុងជាងទស្សវត្ស ១៩៩០ ដែលបានដាក់បញ្ចូលតំបន់ព្រៃជាច្រើនជាដីសម្បទានសេដ្ឋកិច្ច ហើយថានាពេលកន្លងមកនោះ សម្តេចបានដកហូតមួយចំនួនហើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅ លោក សាយ សំអាល់ ឲ្យបន្តការងារនេះជាមួយប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ ជាមួយគ្នានេះ សម្តេចក៏បានស្នើឲ្យខាងវៀតណាមជួយទប់ស្កាត់ការនាំចេញឈើផងដែរ ពេលជួបរដ្ឋមន្រ្តីនគរបាល វៀតណាមព្រឹកមិញ។ សម្តេចក៏គ្រោងនិយាយអំពីការនាំឈើ ជាមួយមេដឹកនាំវៀតណាម នៅក្នុងកិច្ចប្រជុំនៅប្រទេសរុស្ស៊ីសប្តាហ៍ក្រោយផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយដាក់ព្រៃចំនួន១៨កន្លែង ជាតំបន់ការពារធម្មជាតិ ក្រោមការគ្រប់គ្រងរបស់ខ្លួន។ តំបន់ការពារធម្មជាត១៨នេះ មានផ្ទៃដីសរុបចំនួន ២៦៧៤៥០៣ហិកតា ក្នុងនោះមានតំបន់ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន១៣កន្លែង និងព្រៃផ្តល់ផលចំនួន៥កន្លែង ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកឲ្យក្រសួងបរិស្ថាន ធ្វើការគ្រប់គ្រង និងអភិរក្ស។
សេចក្តីប្រកាសបញ្ជាក់ថា ក្រសួងបរិស្ថានមានតំបន់ការពារធម្មជាតិស្រាប់តាំងពីឆ្នាំ១៩៩៣ មកចំ នួន២៣ ដែលមានផ្ទៃដីចំនួន ៣,២លានហិកតា៕