(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៧០ បានបញ្ជាឲ្យនាយទាហានដែលទទួលខុសត្រូវ ខាងផ្នែកផលិតទឹក និងដឹកទឹកចែកជូនប្រជាពលរដ្ឋនៅតាមផ្ទះទាំងអស់ ត្រូវតែបន្ដខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពបន្ថែមទៀត ដើម្បីដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកឲ្យបានគ្រប់ច្រកល្ហក ជារៀងរាល់ថ្ងៃតែម្ដង ដោយធ្វើយ៉ាងឲ្យប្រជាពលរដ្ឋទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ។
ជាក់ស្ដែងចាប់ពីថ្ងៃដែលប្រជាពលរដ្ឋ ទទួលរងនូវភាពរាំងស្ងួតដោយគ្រោះធម្មជាតិ រហូតមកទល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ខាងកងពលតូចថ្មើរជើងលេខ៧០ បានដឹកទឹកចែកជូនប្រជាពលរដ្ឋ បានទាំង១៥ភូមិ ក្នុងឃុំក្រាំងអំពិល និងបណ្ដាឃុំ ដែលនៅក្បែរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងខ្វះខាតទឹកស្អាត និងទឹកប្រើប្រាស់កន្លងមកនេះ ឲ្យគាត់ទាំងអស់គ្នា ទទួលបានទឹកគ្រប់គ្រាន់ទៅតាមត្រូវការជាចាំបាច់ ។
តាមការថ្លែងរបស់លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានឲ្យដឹងទៀតថា «នាយទាហានកងពលតូចថ្មើរជើងលេខ៧០ នឹងដឹកទឹកចែកជូនប្រជាពលរដ្ឋ បន្តរហូតទាល់តែមានភ្លៀងធ្លាក់ ហើយប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ផងដែរ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្ដទុកដាក់ និងអំពាវនាឱ្យអង្គភាព រួមទាំងសម្បុរសជននានាទាំងអស់ ឱ្យបន្តចូលរួមក្នុងយុទ្ធនាការចែកទឹក ជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ និងទទួលទាន រហូតដល់មានទឹកភ្លៀងគ្រប់គ្រាន់ឡើងវិញ ហើយសម្តេចក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ក៏ដូចជា កងពលតូចថ្មើរជើងលេខ៧០ ដែលបានចាប់ផ្ដើមយុទ្ធការចែកទឹកមុនគេផងដែរ ដោយបានចូលរួមយ៉ាងសស្រាក់សស្រាំ នៅក្នុងយុទ្ធនាការចែកទឹកនេះ។ ជាងនេះទៅទៀត សម្តេចចាត់ទុកថា នេះគឺជាសមានចិត្តសិល្បៈនៃការចែករំលែកគ្នាទៅវិញទៅមក ជាពិសេសក្នុងស្ថានភាពលំបាកនេះ។
គួរបញ្ជាក់ថា កងពលតូច ថ្មើរជើងលេខ៧០ បានដឹកទឹកជូនដល់ផ្ទះនៅគ្រួសារ ដែលគ្មានលទ្ធភាពមធ្យោបាយមកយកដល់មណ្ឌល ព្រោះនៅឆ្ងាយប្រមាណជាង ១១៧គ្រួសារ ពិសេស ក្នុង១ថ្ងៃមណ្ឌលសុខភាពមរតសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានដឹកទឹកសុទ្ធចែកជូនបាន១៥០០លីត្រ និងប្រជាជនមកយកនៅមណ្ឌលសុខភាពផ្តល់ក្នុង១ថ្ងៃ ពី៥ពាន់ទៅ៦ពាន់លីត្រ ដូច្នេះរៀងរាល់ថ្ងៃមណ្ឌលសុខភាពអាចផលិតទឹកសុទ្ធបានជាង៧៥០០លីត្រ៕