(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃម្សិលមិញថា សម្តេចតេជោមិនជឿជាដាច់ខាតចំពោះសេចក្តីថ្លែងការណ៍ដ៏ស្មោកគ្រោករបស់ CNRP និងបានប្រកាសទាមទារឲ្យថ្កោលទោសជាដាច់ខាត ចំពោះទង្វើដ៏គឃ្លើនរបស់សកម្មជនមួយរូប ឈ្មោះ Brady N Young នៅសហរដ្ឋអាមេរិក ដែលចេញវិដេអូចោទថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនប្រុសរបស់សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំមិនជឿលើសេចក្តីថ្លែងការណ៍នេះទេ ព្រោះក្នុងសេចក្តីថ្លែងការណ៍មិនបានប្រើពាក្យថ្កោលទោសចំពោះជនទាំងឡាយណាដែលធ្វើការប្រមាថលើរូបខ្ញុំ ភរិយានិងកូននោះឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា «ពួកវាជាក្រុមតែមួយ បានជាមិនហ៊ានថ្កោលទោស, ដូចនេះចាំបាច់ត្រូវការ ជួសជុលលុបលាងនូវការប្រមាថដ៏ធ្ងន់ធ្ងរបំផុតនេះ។ ពួកគេត្រូវត្រៀមសងនូវតម្លៃមួយដ៏ខ្ពស់ណាមួយ ប្រសិនរឿងបែបនេះនៅបន្ត»។
ការប្រតិកម្មខ្លាំងៗរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ។
គណបក្សសង្រ្គោះជាតិបានបញ្ជាក់ នៅក្នុងចេញសេចក្តីថ្លែងការណ៍នៅល្ងាចនេះថា «គណបក្សសង្រ្គោះជាតិ សូមបដិសេធចំពោះការ ចោទប្រកាន់ណាមួយ មកលើគណបក្សសង្រ្គោះជាតិដែលថា ជាអ្នកប្រឌិតព័ត៌មានថា កូនប្រុសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាកូនប្រុសរបស់មេដឹកនាំវៀតណាម»។
បើទោះបីជាគណបក្សសង្គ្រោះជាតិ បដិសេធយ៉ាងដូច្នេះក្តី ប៉ុន្តែកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦កន្លងទៅ សកម្មជនដ៏ល្បីមួយរូបរបស់ CNRP នៅសហរដ្ឋអាមេរិក Brady N Young បានសរសេរយ៉ាងច្បាស់នៅលើ Facebook យ៉ាងដូច្នេះថា «តើបងប្អូនចង់ឲ្យមានការពិនិត្យឈាម រវាងឪពុកកូន ហ៊ុន សែន និង ហ៊ុន ម៉ាណែត ដែរឬទេ? បើចង់ឲ្យមាន DNA Test សូមជួយ Like n share my clip»។
ក្រៅពីការសរសេរខាងលើនេះ សកម្មជនរបស់ CNRP រូបនេះ បានអត្ថាធិប្បាយជាច្រើនទៀតនៅក្នុងវិដេអូ ដែលមានរយៈពេលជិត៣នាទី ពាក់ព័ន្ធនឹងការពិនិត្យ DNA រវាងសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត៕