(សៀមរាប)៖ គិតមកត្រឹមម៉ោង៧៖៥០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គិភ័យដែលឆាបឆេះព្រៃ នៅភូមិកំពុងថ្លុក ស្រុកបាគង ខេត្តសៀមរាប មានសភាពធូរស្រាលវិញហើយ នេះបើតាមការបញ្ជាក់របស់ លោក មិន ចន្ថា អធិការនគរបាលស្រុកបាគង។
លោក មិន ចន្ថា អធិការនគរបាលស្រុកបាគង បានប្រាប់ Fresh News មុននេះបន្តិចថា «អគ្គិភ័យហ្នឹង វាឆេះតាំងពីម៉ោង១០៖១២នាទីព្រឹកមកម្ល៉េះ ដោយសារតែផ្លូវមិនអាចឱ្យឡានទឹក ចូលបានទើបយើងមិនអាចពន្លត់វាឱ្យបាន១០០%ទេ ប៉ុន្ដែកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុក បាននាំគ្នាបូមទឹកនៅតាមប្រឡាយបាច់ពន្លត់ ហើយមូលហេតុដែលនាំឱ្យ មានអគ្គិភ័យកើតឡើងបណ្ដាលមកពីភ្លើងដាំបាយរបស់អ្នករកត្រី»។ លោកអធិការបានបន្ដថា «ឡានទឹករបស់នគរបាលស្រុក និងអាវុធហត្ថស្រុក បានដាក់ប្រចាំការនៅទីនោះ ដើម្បីការពារខ្លាច វារាលដាលដល់ផ្ទះប្រជាពលរដ្ឋ»។
លោកថា អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការស្រុក បានយកទឹកសុទ្ធប្រមាណជាង១០០០យួរ ព្រមទាំងអង្ករ១០០គីឡូផងដែរ ទៅចែកជូនកម្លាំងនគរបាល និងប្រជាពលរដ្ឋដែលនៅប្រចាំការ នៅកន្លែងដែលមានអគ្គិភ័យឆាបឆេះនេះ៕