(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្រ្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានទទូចក្រើនរំលឹកបន្ថែម ដល់ប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការពុលចំណីអាហារ ព្រមទាំងបានត្រៀមដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកថ្មពួក។
នៅលើ Page Facebook របស់លោក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ លោកបានលើកឡើងថា «ខ្ញុំសូមអំពាវនាវបន្ថែម ចំពោះបងប្អូនជាអាណាព្យាបាល មេត្តាបង្កើនការតាមដានកុមារតូចៗ ឲ្យពួកគេប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត រស់នៅស្អាតជានិច្ច ព្រោះប្រព័ន្ធការពារជំងឺរបស់ពួកគេនៅទន់ខ្សោយនៅឡើយ»។ លើសពីនេះ លោកក៏សូមទទូចដល់អ្នកគ្រូ លោកគ្រូតាមសាលារដ្ឋក្ដី ឯកជនក្ដី មេត្តាជួយតាមតម្រង់ទិសកុមារពេលនៅសាលា ឲ្យប្រកាន់អនាម័យល្អជានិច្ច និងអប់រំក្រើនរំលឹកពួកគេឲ្យ ស្អាតជាប្រចាំពេលត្រឡប់មកផ្ទះវិញ។
តាមការបានលើកឡើងរបស់លោក ស សុខា សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលមាន៨ចំណុច៖១-ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច ២-ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងក្រោយពេលបរិភោគអាហារ និងត្រូវលាងដៃក្រោយពេលបន្ទោរបង់រួច ៣-លាងបន្លែ ផែ្លឈើ ឲ្យបានស្អាតមុនបរិភោគ ៤-សំអាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ឲ្យបានត្រឹមត្រូវ ៥-ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ ៦-ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ៧-មិនត្រូវរក្សាទុកអាហារយុរថ្ងៃពេកទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ (បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកម្ដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ) ៨-កុំប្រើប្រាស់ចំណីអាហារផុតកំណត់ប្រើប្រាស់។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ លោក សរ សុខា នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១៣៦នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងបរិវេណវិទ្យាល័យថ្មពួក ស្រុកថ្មពួក ក្នុងគោលបំណងដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់ទីកន្លែង ទាន់ពេលវេលា មានប្រសិទ្ធភាព ចំណេញពេល និងចំណាយថវិកាតិច កាត់បន្ថយបន្ទុកចំណាយរបស់ប្រជាជន៕