(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff នៅថ្ងៃនេះត្រូវបានព្រឹទ្ធសភាប្រេស៊ីល បោះឆ្នោតដកហូតតំណែងប្រធានាធិបតីពីលោកស្រី ដោយលទ្ធផលនៃការបោះឆ្នោតគឺ ៥៥-២២ សំឡេង ដូច្នេះលោកស្រី Rousseff ត្រូវបានបញ្ឈរជើង១៨០ថ្ងៃ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច។
ក្រោយពីចំណាយពេលអស់ ២០ម៉ោង ព្រឹទ្ធសភាប្រេស៊ីល បានសម្រេចដកហូតតំណែងលោកស្រី Rousseff ពីប្រធានាធិបតី ចំនួន ៦ខែ (១៨០ថ្ងៃ) ចាប់ពីថ្ងៃទី០៥ ខែសីហា ដើម្បីធ្វើការស៊ើបអង្កេតករណីពុករលួយបន្តទៀត ទៅលើបណ្ដឹងចោទប្រកាន់ជាច្រើន ដែលទាក់ទងនឹងរូបលោកស្រី កាលពីឆ្នាំ២០១៤ នៅក្នុងពេលឃោសនាបោះឆ្នោត។
ជាមួយគ្នានោះផងដែរ ព្រឹទ្ធសភាប្រេស៊ីល បានតែងតាំងលោក Michel Temer បច្ចុប្បន្នជាអនុប្រធានាធិបតី ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលបណ្ដោះអាសន្នសិន។
គួរបញ្ជាក់ផងដែរថា លោកស្រី Rousseff ត្រូវបានគេចោទប្រកាន់ថាបានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹង ការប្រើប្រាស់ថវិកាជាតិ ដោយគ្មានការ ពិនិត្យនិងទទួលស្គាល់ជាក់លាក់ ហើយក៏មានទាំងការ ពន្យាពេលបង់ថវិកាទៅកាន់ធនាគាររដ្ឋថែមទៀត។ បន្ថែមពីនេះលោកស្រី ក៏ត្រូវបានគេចោទ ប្រកាន់រឿង ភាពមិនច្បាស់លាស់នៃការគ្រប់គ្រង់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលផងដែរ៕