(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសាកសួរ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកស៊ើបអង្កេតទៅលើសំណុំរឿងមួយនេះ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈសារអេឡិចត្រូនិចមួយ លោក លី សុផាណា បានឱ្យដឹងថា «តំណាងអយ្យការបានសាកសួរលោក អ៊ូ វីរះ ទៅលើពាក្យបណ្តឹង និងភស្តុតាងនៅក្នុងសំណុំរឿង ហើយនឹងកំពុងបន្តចំណាត់ការស៊ើបអង្កេតលើរឿងក្តីនេះ»។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលអះអាងថាខ្លួនជាអ្នកវិភាគឯករាជ្យ បានចូលបំភ្លឺតាមការកោះហៅរបស់ លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីមានពាក្យបណ្តឹងពី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលប្តឹងពីបទបរិហារកេរ្តិ៍។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកមិញ លោក អ៊ូ វីរៈ បានបដិសេធចោលបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ហើយបានស្នើឲ្យតុលាការ តម្កល់បទចោទប្រកាន់។ លោកថា «ខ្ញុំបានបដិសេធ ដោយសារបណ្តឹងរ៉ាយរ៉ាប់ចោទប្រកាន់ថា ខ្ញុំបានបំភ្លៃស្នេហាឯកជនរបស់លោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ និងស្រីមុំ គឺខ្ញុំមិនបាននិយាយនោះទេ ដោយសារចឹងហើយបានជាខ្ញុំបដិសេធហើយខ្ញុំក៏បានស្នើសុំ ដល់ព្រះរាជអាជ្ញា តំកល់ករណីហ្នឹងហើយមិន ចាត់ការករណីហ្នឹងនោះទេ។ ករណីបដិសេធ និងស្នើនេះ តុលាការនៅមិនទាន់មាន ការឆ្លើយតបយ៉ាងណានៅឡើយទេ»។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈប្រធាន វេទិកា អនាគត ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ជាមួយគ្នានេះគណបក្សដ៏ធំជាងគេនៅកម្ពុជា បានទាមទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្ស ចំនួន៤០០លានរៀល។
ការដាក់ពាក្យប្តឹងពីគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៦ ដោយចោទគណបក្សប្រជាជនថា ជាអ្នកនៅពីក្រោយនៃដំណើររឿង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី៕