(បាត់ដំបង)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា ២០២២ លើកទី២៩ ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចសួននាគសន្តិភាពក្រុងបាត់ដំបង។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្រ្តី សាយ សំអាល់ និងប្រតិភូអមដំណើរ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង តំណាងលោកអភិបាលខេត្ត សុខ លូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរនានាជុំវិញខេត្ត រដ្ឋបាលក្រុងបាត់ដំបង យុវជន ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋចូលរួមផងដែរ។
លោកស្រី ព្រំ សុភី បានថ្លែងថា ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥មិថុនា ក្រសួងតែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយឡែកឆ្នាំនេះ បានធ្វើមុនកំណត់ ដោយសារការងារដែលនៅសេសសល់មិនទាន់ធ្វើនៅច្រើនទៀត ដូច្នេះក្រសួងបានសម្រេចធ្វើនៅថ្ងៃនេះតែម្តងដោយបានកិច្ចសហការជាមួយរដ្ឋបាលខេត្តថ្នាក់ក្រោមជាតិជួយសម្របសម្រួលផងដែរ។
លោកស្រីបានបន្តថា ឆ្នាំនេះក្រសួងបានកំណត់គោលដៅយកខេត្តបាត់ដំបង ជាទីតាំងសម្រាប់ប្រារព្ធពិធីនេះឡើងស្របពេលខេត្តបាត់ដំបងបានទទួលជ័យលាភីទីក្រុងស្អាតឆ្នាំជាប់ៗគ្នា និងចុងក្រោយនេះខេត្តបាត់ដំបង បានទទួលជ័យលាភីទីស្អាតអាស៊ានទៀតផង។
លោកស្រី អនុរដ្ឋលេខាធិការបានបន្តទៀតថា ដើម្បីថែរក្សាជ័យលាភីនេះផងដែរ ក្នុងនាមក្រសួងបរិស្ថាន សូមអបអរសាទរនិងរួមកិច្ចសហការការងារបន្តទៀត យើងនាំគ្នាថែរក្សាអនាម័យជាប្រចាំ ទុកដាក់សម្រាមឲ្យបានល្អ ក្រោមទិសស្លោក «រស់នៅស្អាត ហូបស្អាត ផឹកទឹកស្អាត» នាំគ្នាដាំដើមឈើនៅតាមគោលដៅ ទាំងទីក្រុងនិងជនបទឲ្យបានច្រើន ដើម្បីជួយដល់ មនុស្សសត្វ រស់នៅក្នុងបែបបរិស្ថាន បរិស្ថានល្អ មានសុខភាពល្អ ស្របតាម ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» ទាំងអស់គ្នា។
ជាកិច្ចបញ្ចប់គណៈអធិបតី បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធនានាមួយចំនួនព្រមទាំងថតរូបរួមគ្នាផងដែរ៕