(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រគល់សញ្ញាបត្រកិត្តិដោយផ្ទាល់ដៃ ជូនឧកញ៉ា ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេច និងជាអគ្គនាយកក្រុមហ៊ុនទ្រី ភាព គ្រុប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឧកញ៉ា ទ្រី ភាព ពីសំណាក់សាកលវិទ្យាល័យ IIC បានឆ្លងកាត់ការវាយតម្លៃត្រឹមត្រូវពីគណៈកម្មការ។
សូមបញ្ជាក់ថា ឧកញ៉ា ទ្រី ភាព ដែលមានអតីតភាពជាកូនចៅអ្នកខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម និង មានកុមារភាពជាអ្នកឡើងត្នោតនោះ កាលពីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៦នេះ បានបង្កើតក្រុមប្រឹក្សាវាយតម្លៃផ្តល់សញ្ញាប័ត្រកិត្តិយសជូនដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតល្បីៗ ជាច្រើនរូបរួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាចូលរួមផងដែរ។
ការផ្តល់សញ្ញាបត្រកិត្តិយស បានធ្វើឡើងបន្ទាប់ពីគណៈកម្មការរកឃើញថា ឧកញ៉ា ទ្រី ភាព ជាបុគ្គលជោគជ័យមួយរូប ដែលបានផ្តើមចេញពីជីវិត ក្រលំបាក និង បានតស៊ូហែលឆ្លងឧបស័គ្គជាច្រើននៅក្នុងជីវិត ដែលមានឪពុកម្តាយជាអ្នកឡើងត្នោត។
សូមបញ្ជាក់ផងដែរថា លោកឧកញ៉ា ទ្រី ភាព បច្ចុប្បន្នបានបង្វែពីការរកស៊ីប្រមូលទិញឈើលក់ទៅក្រៅប្រទេស មកធ្វើជំនួញផ្សេងៗវិញ មានដូចជាការប្រមូលទិញដំឡូងមីនាំចេញទៅប្រទេសថៃ និងការដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និង ម្រេច។ ក្រុមហ៊ុនរបស់ឧកញ៉ា ដែលផ្តើមជីវិតចេញពីការឡើងត្នោត បានដាំដំណាំម្រេច និងកៅស៊ូ លើផ្ទៃដីជាច្រើនពាន់ហិកតា នៅក្នុងខេត្តរតនគីរី ពោធិ៍សាត់ និង ព្រះវិហារ។
ក្រៅពីការដាំដំណាំកសិ-ឧស្សាហកម្ម ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏បានរកស៊ីលើវិស័យសំណង់ និង វិស័យសណ្ឋាគារនៅតាមតំបន់ព្រំដែនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនឧកញ៉ាទ្រីភាព មានសណ្ឋាគារ និងកាស៊ីណូចំនួនពីរ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងនៅព្រំដែនកម្ពុជា-ថៃ ច្រកអានសេះ ស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។ សណ្ឋាគារ និងការស៊ីណូទាំងពីរ នេះ មានតម្លៃរាប់លានដុល្លារ ហើយក៏បានចូលរួមធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់ស្ងប់ស្ងាត់ទាំងពីរ ក្លាយជាតំបន់សេដ្ឋកិច្ចរស់រវើកផងដែរ៕