(ភ្នំពេញ)៖ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលរងការចោទប្រកាន់ពី បទបរិហាកេរ្តិ៍ ប្តឹងដោយគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោកបានបដិសេធចោលបណ្តឹងរបស់ គណបក្សប្រជាជនកម្ពុជា ហើយបានស្នើឲ្យតុលាការតម្កល់ បទចោទប្រកាន់ មិនឲ្យចាត់ការឡើយ។ ការបដិសេធលើបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជានាពេលនេះ លោក អ៊ូ វីរៈ សំអាងថា គណបក្ស ប្រជាជនកម្ពុជា គ្មានភស្តុតាងរឹងមាំ ដើម្បីប្តឹងរូបលោក ពីបទបរិហារកេរ្តិ៍នោះទេ។
ការលើកឡើងរបស់លោក អ៊ូ វីរៈ បានធ្វើឡើងខណៈលោក បាន ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញបណ្តឹងបរិហារកេរ្តិ៍ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការសាកសួរពីតុលាការបានបញ្ចប់ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានបញ្ជាក់ថា «ខ្ញុំបានបដិសេធ ដោយសារបណ្តឹងរ៉ាយរ៉ាប់ ចោទប្រកាន់ថា ខ្ញុំបានបំភ្លៃស្នេហាឯកជនរបស់លោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ និងស្រីមុំ គឺខ្ញុំមិនបាននិយាយនោះទេ ដោយសារចឹងហើយ បានជាខ្ញុំបដិសេធហើយ ខ្ញុំក៏បានស្នើសុំ ដល់ព្រះរាជអាជ្ញា តម្កល់ករណីហ្នឹងហើយមិន ចាត់ការករណីហ្នឹងនោះទេ។ ករណីបដិសេធ និងស្នើនេះតុលាការនៅមិនទាន់មានការឆ្លើយតបយ៉ាងណា នៅឡើយទេ»។ ទាក់ទងនឹងបណ្តឹងនេះកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ លោក សុខ ឥសាន ក៏បានចូលផ្តល់ចម្លើយ និងភស្តុតាងជូន តុលាការក្រុងភ្នំពេញ ក្នុងនាមដើមបណ្តឹង ជុំវិញការដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានប្រើសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន នៅក្រៅក្របខណ្ឌ ដែលច្បាប់បានកំណត់ ហើយប៉ះពាល់ដល់អ្នកដទៃ។
ការដាក់ពាក្យប្តឹងពីគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈ វិទ្យុអាស៊ីសេរី កាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២១៦ ដោយចោទគណបក្សប្រជាជនថា ជាអ្នកនៅពីក្រោយនៃដំណើររឿង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី។ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ជាមួយគ្នានេះ គណបក្សដ៏ធំជាងគេនៅកម្ពុជា បានទាមទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្ស ចំនួន៤០០លានរៀលផងដែរ៕