(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅប៉ុន្មានថ្ងៃនេះបានបន្តយុទ្ធនាការ ចុះទៅស្តារស្រះ និងចែកទឹកជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន នាស្រុកភ្នំស្រុក និងស្រុកស្វាយចេក តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា លោកបាននាំយកថវិកាឧបត្ថម្ភរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ចំនួន១ពាន់ដុល្លារទៅស្តារស្រះ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ព្រមទាំងនាំយកទឹកសុទ្ធចែកជូនប្រជាពលរដ្ឋ នៅទីនោះផងដែរ។
លោកស្នងការ ក្រោយបញ្ចប់ការងារនេះរួចមក លោកបានដឹកនាំក្រុមការងារចុះទៅកាន់ឃុំតាបែន ស្រុកស្វាយចេក ដោយចុះកាយផ្លូវ និងស្តារស្រះដែលមានទំហំ២៤គុណ៩១ម៉ែត្រ និងមានជម្រៅប្រមាណ៣ម៉ែត្រជូនអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានតបតាមការស្នើសុំរបស់ពួកគាត់។
នៅថ្ងៃដដែលនោះលោក និងក្រុមការងារ បានបន្តចុះទៅស្តារស្រះទឹកស្ថិតនៅភូមិប្រៃ និងឃុំទ្រាសផងដែរ។ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះថា ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល និងមានការដឹកនាំបញ្ជាផ្ទាល់ពីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនោះ លោកនិងកម្លាំងនគរបាលក្រោមឱវាទ បាននិងកំពុងបន្តយុទ្ធនាការជាបន្តបន្ទាប់ ដោះស្រាយបញ្ហាទឹកនេះជូនប្រជាពលរដ្ឋ ពោលមិន ឲ្យនរណាម្នាក់ស្លាប់ដោយសារគ្រោះអត់ទឹកនោះឡើយ៕