(ភ្នំពេញ)៖ ជនញៀនថ្នាំ២នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីមានការសង្ស័យនិងបានឆែកឆេរ រកឃើញគ្រឿងញៀន២កញ្ចប់ ខណៈជនសង្ស័យរូបនេះ បានរក្សាទុកធ្វើសកម្មភាពប្រើប្រាស់ ជាមួយគ្នារួមទាំងដកហូតម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខវត្ត គៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារបានប្រាប់ថា ជនសង្ស័យខាងលើមានឈ្មោះ៖ ទី១ ឈ្មោះលឹម ចាន់សុភា ភេទប្រុស ទី២ឈ្មោះ ចាន់ សុផា ភេទប្រុស ជនសង្ស័យទាំងពីរនាក់ស្នាក់នៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារ បានប្រាប់ទៀតថា ដោយការអនុវត្តន៍ភារកិច្ចតាម បទបញ្ជារបស់លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ បានធ្វើការយាមកាមល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៦A ក៏បានប្រទះឃើញជនត្រូវជាប់ សង្ស័យទាំងពីរនាក់ ជិះបើកម៉ូតូ១គ្រឿង ដោយមានការសង្ស័យ ក៏ឃាត់ខ្លួននិងឆែកឆេរទៅ បានរកឃើញថ្នាំញៀនជាប្រភេទ ម៉ាទឹកកក ចំនួន២កញ្ចប់ ដែលជនសង្ស័យបានរក្សាទុក ដើម្បីទុកជក់ជាមួយគ្នា និង បានដកហូតម៉ូតូ១គ្រឿងផងដែរ ដែលជា មធ្យោបាយធ្វើដំណើររបស់ជនសង្ស័យទាំងពីរនាក់។ បច្ចុប្បន្ន ជនត្រូវសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូន ទៅឃុំខ្លួនបណ្ដោះអាសន្ត នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕