(ក្រចេះ)៖ ប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាមុខសញ្ញាអាទិភាពចំនួន៨៧គ្រួសារ ក្នុងភូមិទាំង៦ នៃឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានមកទទួលអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ។
ពិធីនេះបានធ្វើនៅទីតាំងចំនួន៣កន្លែង៖ ទីតាំងទី១ ភូមិព្រៃគោ មាន (ភូមិព្រៃគោ, ភូមិបឹងកៀប)សម្រាប់ ៣២គ្រួសារ, ទីតាំងទី២ភូមិក្រូច មាន (ភូមិក្រូច, ភូមិប្រឡាយទ្រៀក)សម្រាប់ ២៧គ្រួសារ និងទីតាំងទី៣ មាន ( ភូមិដង្ហិត និងភូមិ ២៧សែនជ័យ) សម្រាប់២៨គ្រួសារ នៃឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
នាឱកាសនោះ លោកវេជ្ជបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើពីហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។
ទន្ទឹមនេះ លោកបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ព្រមទាំងសប្បុរសជននានាដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញសកម្មភាពមនុស្សធម៌បានដូចនាពេលនេះ។
លោកក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ដែលសូមឱ្យថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តពាក់ម៉ាស់ឬ មិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា អំណោយ ដែលកាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ៖ អង្ករ២៥គីឡូក្រាម , មី១កេស, ត្រីខ១០កំប៉ុង , ទឹកសុីអីវ១យួរ, ជែលលាងដៃ២ដប និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត)១ឃីត។ ដោយឡែកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព មានជីវភាពខ្វះខាតទទួលបានថវិកា ចំនួន ២០,០០០រៀលបន្ថែមផងដែរ៕