(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋាភិបាលថៃអនុញ្ញាតឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នោះមក សមាគម-ក្រុមហ៊ុនឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ថៃ ក៏ដូចជាវៀតណាម បានសហការរៀបចំផែនការជំរុញចរន្តភ្ញៀវទេសចរឡើងវិញ ប៉ុន្តែបែបបទនៅតាមព្រំដែនខាងភាគីថៃហាក់មិនទាន់រលូននៅឡើយ។
នាដើមខែឧសភានេះ សមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិក (PATA) ដឹកនាំដោយលោក ធួន ស៉ីណាន ប្រធានសមាគម បានធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ទៅកាន់ខេត្តត្រាត ប្រទេសថៃ និងបន្តទៅដល់ទីក្រុងបាងកក ដើម្បីចូលរួមក្នុងកិច្ចប្រជុំផ្លាស់ប្ដូរទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាម ចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២២ ខណៈប្រតិភូក្រុមហ៊ុននៅកម្ពុជាមួយចំនួនទៀតក៏បានធ្វើដំណើរតាមផ្លូវអាកាសពីភ្នំពេញទៅកាន់បាងកកផងដែរ។ ដោយឡែកសម្រាប់ការធ្វើដំណើរតាមផ្លូវគោកនេះ គឺដើម្បីសិក្សាឈ្វេងយល់អំពីការធ្វើដំណើរ ក៏ដូចជាការបំពេញបែបបទឯកសារនៅតាមច្រកព្រំដែនទាំងខាងភាគីកម្ពុជា និងខាងភាគីថៃ។
លោក ធួន ស៉ីណាន បានថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី៤ ខែមេសាឱ្យដឹងថា ការបើកច្រកព្រំដែនរវាងភាគីកម្ពុជា និងភាគីថៃនេះ គឺពិតជាល្អមែនទែនសម្រាប់វិស័យទេសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម ក៏ដូចជាវិស័យផ្សេងទៀត ដែលជាចំណុចពិសេសសម្រាប់ការបន្តកិច្ចអភិវឌ្ឍសេដ្ចកិច្ចរវាងប្រទេសទាំងពីរ។
លោកបានបន្តថា តាមទិដ្ឋភាពជាក់ស្ដែងនៅពេលក្រុមការងារសមា គម PATA បានឆ្លងកាត់ច្រកព្រំដែនចាំយាម-ខ្លងយ៉ៃ កាលពីថ្ងៃទី៣ ខែឧសភាម្សិលមិញ ឃើញថាខាងភាគីកម្ពុជាគឺពិតជាមានការអនុវត្តកិច្ចការបំពេញបែបបទឯកសារបានយ៉ាងល្អតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងមន្ត្រីអន្តោប្រវេសន៍ មន្ត្រីច្រកព្រំដែន ក៏ដូចជាមន្ត្រីគយជាដើម។
លោកថា ចរន្តភ្ញៀវទេសចរតាមផ្លូវគោកនឹងកាន់តែមានច្រើនថែមទៀត ប្រសិនបើខាងភាគីថៃបន្ធូរបន្ថយលក្ខខណ្ឌ ឬបែបបទឯកសារមួយចំនួនបន្ថែមទៀត ដោយសារនៅថ្ងៃម្សិលមិញ ពេលដែលលោកឆ្លងកាត់ព្រំដែន កាតម្រូវលក្ខខណ្ឌពីខាងភាគីថៃគឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដូចជាលក្ខខណ្ឌនៃការបើកបររថយន្តផ្ទាល់ខ្លួនចូលទៅប្រទេសថៃ និងបញ្ហាដែលភាគីថៃស្នើឱ្យខាងភាគីកម្ពុជាធ្វើតេស្តរហ័សលើភ្ញៀវ និងអ្នកដំណើរជាដើម។
អ្នកស្រី វីយ៉ាដា ស្រុង (Viyada Srong) អនុប្រធានសភាទេសចរណ៍ខេត្តត្រាត បានបង្ហាញចំណាប់អារម្មណ៍រីករាយចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃនេះ។ អ្នកស្រីមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍រវាងកម្ពុជានិងថៃ ពិសេសរវាងកម្ពុជានិងខេត្តត្រាតនឹងងើបឡើងវិញ បន្ទាប់ពីការបើកច្រកព្រំដែនកម្ពុជា-ថៃនេះ ខណៈវិស័យទេសចរណ៍នៅខេត្តត្រាតក៏បានត្រៀមខ្លួនជាបណ្ដើរៗបានច្រើនហើយដែរ។
អនុប្រធានសភាទេសចរណ៍ខេត្តត្រាតរូបនេះបានបញ្ជាក់ទៀតថា តាមច្រកព្រំដែនចាំយាម-ខ្លងយ៉ៃនៅទាន់មានចរន្តភ្ញៀវទេសចរចេញចូលច្រើននៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាការកក់សណ្ឋាគារ រីស៊ត គឺចាប់ផ្ដើមមានខ្លះៗហើយ។
យ៉ាងណាមិញ លោក ធួន ស៉ីណាន ក្នុងនាមតំណាងភាគីកម្ពុជា និងលោកស្រី វីយ៉ាដា ក្នុងនាមតំណាងភាគីថៃ ព្រមទាំងលោក ង្វៀន ហុងហ៉ីវ (Nguyen Hong Hieu) តំណាងភាគីវៀតណាម នឹងចូលរួមដឹកនាំក្នុងកិច្ចប្រជុំផ្លាស់ប្ដូរផ្គូរផ្គងដៃគូក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាម នាទីក្រុងបាងកក រយៈពេល២ថ្ងៃបន្តទៀត ដើម្បីពិគ្រោះពិភាក្សាលម្អិតអំពីដំណើរការជំរុញចរន្តភ្ញៀវទេសចរទៅមកជាលក្ខណៈទ្វេភាគី ឬត្រីភាគី នាពេលខាងមុខឆាប់ៗនេះ។
គួរជម្រាបថា បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបញ្ជាក់ថា អ្នកដំណើរដែលត្រូវធ្វើដំណើរពីកម្ពុជាទៅកាន់ប្រទេសថៃតាមផ្លូវអាកាសក្ដី តាមផ្លូវគោកក្ដី ត្រូវបានបែងចែកជា៣ប្រភេទ ហើយក៏ត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងគ្នាផងដែរ ក្នុងនោះរួមមាន៖
* ប្រភេទទី១. អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (Vaccinated Travelers)៖
១. ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្ដេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី៤៨ម៉ោងឡើយ។
២. មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា១០,០០០ដុល្លារអាម៉េរិក។
៣. មិនតម្រូវឱ្យធ្វើតេស្ត RT-PCR ទាំងមុននិងចូលមកដល់ប្រទេសថៃ។
៤. ត្រូវធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំលុងពេកស្នាក់នៅក្នុងប្រទេសថៃ។
* ប្រភេទទី២. អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ (Unvaccinated Travelers)៖
១. ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្ដេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី៤៨ម៉ោងឡើយ។
២. មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា១០,០០០ដុល្លារអាម៉េរិក។
៣. ករណី៖
a. មានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរមិនលើសពី៧២ម៉ោង អាចធ្វើដំណើរចូលក្នុងប្រទេសថៃដូចអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញដែរ។
b. ពុំមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន មុនពេលធ្វើដំណើរមិនលើសពី៧២ម៉ោងទេនោះ គឺតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន៥ថ្ងៃ ដោយធ្វើតេស្ត RT-PCR នៅថ្ងៃទី៤ ឬទី៥។
៤. ត្រូវធ្វើតេស្តរហ័ស (ATK) ដោយខ្លួនឯង អំលុងពេកស្នាក់នៅក្នុងប្រទេសថៃ។
* ប្រភេទទី៣. អ្នកដំណើរដែលជាប្រជាជនក្នុងខេត្តជាប់ព្រំដែនហើយកាន់ប័ណ្ណព្រំដែន (Border Pass)៖
១. មិនតម្រូវឱ្យចុះឈ្មោះ Thailand Pass ទេ។
២. មិនតម្រូវឱ្យមានធានារ៉ាប់រងទេ។
៣. ត្រូវជាអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ។
៤. ការធ្វើដំណើរត្រូវបានអនុញ្ញាតតែក្នុងតំបន់ដែលមានចែងដោយកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃប៉ុណ្ណោះ។
៥. អាចស្នាក់នៅក្នុងប្រទេសថៃមិនត្រូវលើសពី៣ថ្ងៃ (២យប់) ឡើយ។
ចំពោះខេត្តរបស់ថៃជាប់ច្រកព្រំដែនអន្តរជាតិជាមួយកម្ពុជាដែលអាចធ្វើដំណើរចូលបាន រួមមាន ខេត្តត្រាច ខេត្តចន្ទបុរី ខេត្តស្រះកែវ ខេត្តសុរិន្ទ៕