(ព្រះវិហារ)៖ បងប្អូនអតីតយុទ្ធជនកម្ពុជាដែលមានជីវភាពខ្វះខាត រស់នៅស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ចំនួន៣៦គ្រួសារ បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តនិងលោកប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជន ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលតែង បានយកចិត្តទុកដាក់គិតគូរជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធកម្ពុជារបស់យើង និយាយដោយឡែកបងប្អូនអតីតយុទ្ធជនកម្ពុជានៅខេត្តព្រះវិហារ។
លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារទាំងមូល សូមបន្តចូលរួមការពារសុខសន្តិភាព ដែលយើងបានមកដោយលំបាកឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងជានិច្ចចំពោះជនណា ឫក្រុមការណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជារបស់យើង។ ពិសេសត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង ដើម្បីឲ្យការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋានមានសន្តិសុខនិងសុវត្ថិភាពល្អ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំទៅប្រគល់ជូនបងប្អូនអតីតយុទ្ធជនកម្ពុជាចំនួន៣៦គ្រួសារ នាឱកាសនេះ រួមមាន៖ អង្ករចំនួន៣០គីឡូ មីម៉ាម៉ា ចំនួន១កេស ត្រីខ ១យួរ.សារ៉ុង ១.ប៊ីចេង ១កញ្ចប់ និងថវិកាចំនួន ២០,០០០រៀលផងដែរ៕