(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាស់តឿនដល់ប្រធានអង្គភាពទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រាល់កិច្ចការងាររបស់ខ្លួន។

លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រះរាជអាជ្ញា កងកម្លាំងទាំងបីប្រភេទ និងអភិបាលក្រុង ស្រុក។

លោកក៏បានជំរុញឲ្យរដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុក្ខដាក់ផ្តល់សេវា និងសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ដូចជាការផ្តល់សេវាប្រកបដោយតម្លាភាព ឆាប់រហ័ស ជឿជាក់ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋពិសេសពលរដ្ឋដែលងាយរងគ្រោះឲ្យទាន់ពេលវេលា។

លើសពីនេះ លោកបានឲ្យអាជ្ញាធរមានសមត្ថកិច្ចកងកម្លាំងទាំងបី ត្រូវក្តាប់ព័ត៌មានសន្តិសុខសុវត្ថិភាពតាមមូលដ្ឋាននិងសន្តិសុខ ឲ្យបានដើម្បីឆ្លើយតប ឬបង្ក្រាបបទល្មើសនិងជួយជនរងគ្រោះបានទាន់ពេលវេលា។

ទាក់ទងនិងបទល្មើសព្រៃឈើ ត្រូវត្រួតពិនិត្យទៅលើឈ្មួញដែលទិញឈើតើមានច្បាប់ អនុញ្ញាតឬអត់ ហើយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលនៅឈរជើងតំបន់នោះ ហាក់បីដូចជាមិនចាប់អារម្មណ៍ មានសភាពធូរលុងបណ្តែតបណ្តោយ ឲ្យសមកម្មភាពដឹកជញ្ជូនឈើតាមរថយន្ត រឺគោយន្តកន្ត្រៃយ៍ចេញតាំងពីក្នុងព្រៃ រហូតមកដល់ផ្លូវជាតិកំពុងតែមានកម្មភាពយ៉ាងរលូន ដោយពុំមានទប់ស្កាត់អ្វីឡើយបើបាតដៃយើងមិនស្អាត ការបង្ក្រាបបទល្មើសគឺមិនទទួលជោគជ័យដែរ។

លោក ងួន រតនៈ ក៏បានឲ្យអាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យ ទៅលើការចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋថាតើ បានចាក់ប៉ុន្មានលើកហើយ។

លោកបានអំពាវនាវដល់មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋសូមចូលរួមបរិច្ចាកជាថវិកា សម្ភារៈ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីយកថវិកា និងសម្ភារៈទាំងអស់នោះ យកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបានទាន់ពេល៕