(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដ ត្រូវពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋឲ្យបានលឿនឆាប់រហ័ស តាមការសន្យារបស់ខ្លួនដែលបានសន្យា ជាមួយប្រជាពលរដ្ឋកាលពីពេលកន្លងទៅ។
លោកថា ចំពោះប័ណ្ណកម្មសិទ្ធ ដែលមិនបានចេញតាមការសន្យានោះ ត្រូវធ្វើការពន្យល់ប្រាប់ពលរដ្ឋឲ្យបានយល់ច្បាស់ អំពីមូលហេតុនៃការយឺតយ៉ាវ ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ នៅស្រុកកំចាយមារ ដែលលោកប្រធានមន្ទីរបានសន្យានោះ ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋ ដែលគាត់ទន្ទឹងរង់ចាំ មានការអាក់អន់ស្រពន់ចិត្ត។
ការថ្លែងរបស់អភិបាលខេត្តព្រៃវែងបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃអំពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំក្រុង ស្រុកទាំងអស់នៅខេត្តព្រៃវែង ដែលបានអនុវត្តន៍កន្លងមកនេះ។
នៅក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វាព្រំដែនទាំង៦ នៃខេត្តព្រៃវែងផងដែរ។
លោក ជា សុមេធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន បានល្អប្រសើរ។
លោកអភិបាលខេត្ត បានណែនាំដល់ ដល់រដ្ឋបាលស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួន ជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។
លោកក៏បានជំរុញដល់ អាជ្ញាធរ ក្រុង ស្រុក ត្រូវអនុវត្តនៅ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អ ធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានកាន់ល្អប្រសើរឡើង។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ ក៏មានបង្ហាញបទអន្តរាគមន៍ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណ្តិតទី៥ ឆ្នាំ២០២២ និងបទអន្តរាគមន៍ ស្តីពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង៕