(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញបញ្ហាការងារ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួន បានគោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែល ត្រូវបានបញ្ឈប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ ការទូទាត់ប្រាក់ បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ នឹងការបញ្ឈប់ពីការងាររួម។
ទន្ទឹមនឹងនេះ មន្ត្រីជំនាញរបស់ក្រសួង បាននិងកំពុងរង់ចាំ ធ្វើការពិនិត្យផ្ទៀងផ្ទាត់បន្ថែមជាមួយបងប្អូនអតីតបុគ្គលិក ដែលត្រូវបានបញ្ឈប់ពីការងាររួម និងនៅមានចម្ងល់ អំពីការទូទាត់នេះ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជួយស្វែងរកឱកាសការងារថ្មី សម្រាប់បងប្អូនអតីតបុគ្គលិក។
ដោយឡែក គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ណាហ្គាវើលដ៍ នៅមិនព្រមទទួលយកបងប្អូនអតីតបុគ្គលិកណាមួយ ដែលត្រូវបានបញ្ឈប់ពីការងាររួម
ឲ្យចូលធ្វើការវិញ ដូចការលើកឡើងរបស់មតិមួយចំនួនឡើយ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ៖