(ភ្នំពេញ)៖ អ្នកបើករថយន្ដ TACOMA ១គ្រឿង ដឹកចំណីសត្វ បើកបរមិនប្រយ័ត្ន ជាន់ហ្វ្រាំងមិនជាប់ ជ្រុលចង្កូតទៅបុកពីក្រោយ រថយន្ដ CAMRY បាឡែន១គ្រឿងទៀត បណ្ដាលឲ្យ រងការខូចខាតកំប៉ិត និងប្រេះចង្កៀងក្រោយ ហើយបានបើករត់គេចខ្លួន យ៉ាងលឿន តែត្រូវបានកម្លាំងនគរបាល ដេញតាមប្រមាញ់ចាប់ក្របួចជាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចស្តុបផ្លូវលេខ ៥៩៨កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោក ហ៊ឹម គឹមសាន្ដ នាយប៉ុស្ដិ៍នគរបាលស្វាយប៉ាក បានប្រាប់ថា រថយន្ដបង្កម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-4573 អ្នកបើកបរមានឈ្មោះ នោ មូសា ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានស្រុក កំណើតនៅ ភូមិទី៧ ឃុំព្រែកតាទែន ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ចំណែករថយន្ដរងគ្រោះម៉ាក CAMRY បាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2S-1759 អ្នកបើកបរមានឈ្មោះ ម៉ុង គឹមហេង ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី ស្នាក់នៅឯ ខេត្តកំពង់ឆ្នាំ។
លោកនាយប៉ុស្ដិ៍ស្វាយប៉ាកបានប្រាប់ទៀតថា មុនកើតហេតគេបានឃើញរថយន្ដបង្កម៉ាក TACOMA បើកបរម្នាក់ឯងពីក្រោយរថយន្ដ រងគ្រោះ ក្នុងទិសដៅពីត្បូងមកជើងស្របទិសគ្នា តាមបណ្ដោយផ្លូវលេខ៥៩៨ ខណៈមកដល់កែងស្តុបផ្លូវជាតិលេខ៥ ដែលជាចំណុច កើតហេតុរថយន្ដរងគ្រោះម៉ាក CAMRY បាឡែន ក៏បានឈប់ដោយសារភ្លើងស្តុបលោត ពណ៌ក្រហម ស្រាប់តែរថយន្ដបង្កជាន់ហ្វ្រាំង មិនជាប់ ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្ដបាឡែន បណ្ដាលឲ្យរងការខូចខាតកំប៉ិតគូទក្រោយ និងប្រេះចង្កៀងក្រោយតែមិន បណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
លោកនាយប៉ុស្ដិ៍បានបន្តថា បន្ទាប់ពីរថយន្ដបង្កបើកបុករួច ក៏បានព្យាយាមបើករត់គេចខ្លួនតាមបណ្ដោយផ្លូវជាតិលេខ៥ រហូតមក ដល់ក្បែរស្ថានីយ៍ទូរទស្សន៍ CTN ក៏ត្រូវបានកម្លាំងនគរបាលដេញតាមប្រមាញ់ ចាប់ក្របួចបានយកមកធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់ជាមួយជនរងគ្រោះនៅប៉ុស្ដិ៍នគរបាល រដ្ឋបាលស្វាយប៉ាក ដើម្បីបញ្ចប់រឿង។
ដោយឡែកម្ចាស់រថយន្ដបង្កបានស្នើរសុំជួយចេញសងថ្លៃខូចខាត ទៅខាងភាគីរថយន្ដរងគ្រោះចំនួន១០០ដុល្លារដើម្បីជួសជុល រថយន្ដ និងបញ្ចប់រឿង ដោយភាគីរងគ្រោះយល់ឃើញថាមិនមានការខូចខាតធំដុំ ក៏សម្រេចយកសំណងចំនួន១០០ដុល្លារនោះ ដើម្បីបញ្ចប់រឿងតែម្ដងទៅ៕