(ភ្នំពេញ)៖ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរដល់កងឯកភាព នាយទាហាន មានស្នាដៃឆ្នើមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ។
ពិធីប្រគល់បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការរង បណ្តាមេបញ្ជាការ មេបញ្ជាការរងប្រភេទទ័ព និងនាយក នាយករងស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានជាច្រើនរូបទៀត ។
តាមសេចក្តីរាយការណ៍របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កងយោធពលខេមរភូមិន្ទ ត្រូវបានកំណត់ជាកម្លាំងជួរមុខក្នុងការសង្រ្គោះ ទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ តាមរយៈការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនយោធិន អតីតយុទ្ធជន ក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទៅ តាមយុទ្ធសាស្ត្រ ផ្ការីក ចេញពីតំបន់ក្រហមរាជធានីភ្នំពេញ។ ជាលទ្ធផលគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រសួងការពារជាតិសម្រេចការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងដូសទី៣ បានសរុបចំនួនជាង ៧លាន ៤សែន ៨ម៉ឺននាក់។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ការធ្វើពលិកម្មគ្រប់បែបយ៉ាង នៅក្នងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។
«ជាមោទនភាព និងជាកិត្តិយសដ៏ឧត្តុងឧត្តម របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៅក្នុងបេសកកម្មបម្រើជាតិ ការពារសុខមាលភាពប្រជាពលរដ្ឋ សក្តិសមនឹងទទួលបានការសរសើរលើកទឹកចិត្ត ក្រោមការដឹកនាំជាប្រចាំ និងមានទំនុកចិត្តយ៉ាងខ្លាំងរបស់សម្ដេចតេជោ ហ៊ុន សែន»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសាំ រហូតទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងកំពុងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញជាបណ្តើរៗ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ពិតមែនតែមកដល់ពេលនេះស្ថានការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមានសភាពធូរស្រាល ប៉ុន្តែបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅកុំទាន់ចប់នៅឡើយទេ ដោយត្រូវបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗមួយចំនួនទៀតមាន៖ រោងចក្រ ទីប្រជុំជន និងសាលារៀនជាដើម ហើយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រជាពលរដ្ឋម្នាក់ត្រូវចាក់វ៉ាក់សាំងយ៉ាងតិចបានបីដូស ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្នាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ត្រូវប្រើប្រាស់នូវកម្លាំងសរុប ដើម្បីប្រមូលផ្ដុំចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋតាមគោលដៅកំណត់ ទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៕