(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ មានកិច្ចពិភាក្សារវាង ក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាមួយ គណបក្សភ្លើងទៀន ដែលដឹកនាំដោយ លោក ស៊ុន ឆ័យ អនុប្រធានគណបក្ស។

នៅក្រោយកិច្ចប្រជុំនេះ លោកគឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្ដល់បទសម្ភាស ដល់បណ្ដាញព័ត៌មាន Fresh News ដូចតទៅ៖

Fresh News: នៅថ្ងៃនេះមានកិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងយុត្តិធម៌ និងតំណាងគណបក្សភ្លើងទៀន ដោយនៅក្នុងនោះ មានការស្នើឱ្យទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះ សកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ។ តើចំពោះករណីនេះ ក្រសួងយុត្តិធម៌មានការឆ្លើយតបយ៉ាងណា?

លោក គឹម សន្តិភាព៖ ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះ សកម្មជនគណបក្សភ្លើងទៀនដែល​កំពុងស្ថិតក្នុងដំណើរ​ការនីតិវិធីតុលាការ គឺតាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឱ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ​ដោយផ្អែក​លើអង្គហេតុនិងអង្គច្បាប់ ហើយក្រសួងយុត្តិធម៌ដែលជាស្ថាប័ននីតិប្រតិបត្តិពុំមានសមត្ថកិច្ច និងសិទ្ធអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។ មានតែការចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់ តុលាការទេ ដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ក្នុងការការពារខ្លួន ដោយគួរពឹងពាក់មេធាវីក្នុង​ការជួយការពារក្តី​នៅក្នុងដំណើរការនីតិវិធីរបស់តុលាការ

Fresh News: គណបក្សភ្លើងទាន ក៏បានស្នើសុំឱ្យមានការពន្យារនីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។ តើត្រង់ចំណុចនេះក្រសួងយុត្តិធម៌បានឆ្លើយតបយ៉ាងដូចម្ដេចដែរ?

លោក គឹម សន្តិភាព៖ ពាក់ព័ន្ធការស្នើសុំឱ្យមានការពន្យារនីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ- សង្កា ត់ ខាងមុខនេះ, ក្រសួងយុត្តិធម៌ពុំមានសមត្ថកិច្ចក្នុងការបង្គាប់បញ្ជាទៅតុលាការនោះទេ។ កន្លងមក, ក្រសួងយុត្តិធម៌ពុំដែលណែនាំឱ្យមានការពន្យារនីតិវិធីតុលាការនោះទេ គឺមានតែផ្តល់គោលការណ៍ណែនាំឱ្យពន្លឿនដំណើរការនីតិវិធីសំណុំរឿងដោយផ្អែកទៅលើផ្លូវច្បាប់ ដូចជាក្នុងយុទ្ធនាការនៃការដោះស្រាយការកកស្ទះសំណុំរឿងជាដើម ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែននៅតាមពន្ធនាគារ។

ទោះជាយ៉ាងនេះក្តី នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ក្រសួងយុត្តិធម៌បានទទួលយកសំណើរបស់តំណាងគណបក្សភ្លើងទៀន ដើម្បី ពិនិត្យ និងពិចារណាទៅតាមសមត្ថកិច្ចរបស់ក្រសួងដែលច្បាប់អនុញ្ញាត និងបានស្នើទៅតំណាងគណបក្សភ្លើងទៀន ឱ្យជួយធ្វើការណែនាំទៅសកម្មជនរបស់ខ្លួនក្នុងការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចង់ឱ្យមានការអនុវត្តច្បាប់៕