(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ បានសំណេះសំណាល និងចែកសម្ភារសុខាភិបាល និងសម្ភារសិក្សា ដាច់ដោយឡែកនៅក្នុងក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកសង្គមថ្មី និងស្រុករវៀង នៃខេត្តព្រះវិហារ រយៈពេល២ថ្ងៃ គឺថ្ងៃទី១ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ គណៈអភិបាលខេត្ត គណៈអភិបាលស្រុក ក្រុង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាជ្ញាធរព្រះវិហារប្រមាណ២០រូប និងមានការចូលរួមពីរដ្ឋបាលស្រុក ក្រុង សមាជិកក្រុមប្រឹក្សាស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ យុវជនប្រមាណ ១,០០០នាក់។
នាឱកាសនោះដែរ លោក សួស យ៉ារ៉ា បានលើកឡើងពីកិច្ចប្រឹងប្រែងក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបាន និងភាពជោគជ័យក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការរក្សាលំនឹងជីវភាពប្រជាជន និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងពេល និងក្រោយជំងឹកូវីដ១៩។
អ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា បានលើកឡើងអំពីវិស័យសុខាភិបាលសាធារណៈ ដោយផ្អែកលើទស្សនការការពារប្រសើរជាងការព្យាបាល តាមរយៈការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅក្នុងខេត្តព្រះវិហារ និងវិស័យអបរំទូទៅ ដែលការធ្វើដំណើរទៅសាលារៀន មានភាពងាយស្រួលជាងមុន ដោយរាជរដ្ឋាភិបាលបានពង្រាយសាលាគ្រប់កម្រិតឱ្យខិតកាន់តែជិតទៅនឹងមូលដ្ឋាន ជាបន្តបន្ទាប់ ក៏ដូចជាការពង្រឹងវិស័យអបរំទាំងបរិមាណ ទាំងគុណភាព ទាំងតំបន់ប្រជុំជន ទាំងតំបន់ជនបទ។
លោក សួស យ៉ារ៉ា បានបន្តថា ខេត្តព្រះវិហារ ស្ថិតក្នុងចំណោមបណ្តាខេត្តមុនគេ ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យដោះម៉ាស់ក្នុងទីសាធារណៈ ហើយលោកក៏បានផ្តាំផ្ញើថា ចាប់ពីពេលនេះតទៅត្រូវចេះរៀនរស់នៅជាមួយកូវីដ១៩ ដូច្នេះ ក៏ត្រូវប្រកាប់ខ្ជាប់នូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» និងមិនត្រូវបំភ្លេចជំងឺកូវីដ១៩ នោះទេ៕