Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រាប់ Cambodia Daily ថា «យកល្អ អ្នកឯងឈប់និយាយអំពីខ្ញុំតែម្តងទៅ !» (Video inside)

12-05-2016 13:47

(ភ្នំពេញ)៖ បន្ទាប់ពីមានប្រតិកម្មពីខុទ្ទល័យសម្តេចតេជោ ទៅលើការចុះផ្សាយរបស់កាសែត Cambodia Daily កាលពីម្សិលមិញនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកមិញ បានរិះគន់កាសែតបរទេសមួយនេះថា បានផ្សាយខុសច្រើនដងចំពោះសម្តីសម្តេច។ ជាមួយគ្នានេះ សម្តេចតេជោ បានប្រាប់កាសែតខេមបូឌាដេលីថា ឱ្យឈប់ផ្សាយពីសម្តេចតែម្តងទៅ។

ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ IIC នៅវិទ្យាស្ថានអប់រំ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចបានហៅការសរសេរព័ត៌មាននៅលើទំព័រកាសែត The Cambodia Daily ថាបានច្នៃសម្តីដើមរបស់សម្តេច។
សម្តេចបានលើកឡើងថា «មានការបំពានសម្តីរបស់ខ្ញុំ ខ្ញុំគិតថាអ្នកទាំងនោះមកទីនេះដែរ ស្តាប់ឱ្យច្បាស់បើស្តាប់មិនច្បាស់ចាក់វាឡើងវិញ ថតទុកកុំយកទៅសរសេរច្នៃ ម្សិលមិញខាងខុទ្ទកាល័យខាងអ្នកនាំពាក្យ គឺមានការប្រតិកម្មរឿងប្រើពាក្យសម្តី ណែ ! កុំលេងអាធុនហ្នឹង អាធុនហ្នឹងហើយ គេហៅអ្នកឯងខុស គឺអ្នកឯងនិយាយខុសការពិត»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ខ្ញុំឱ្យសារទៀត ឱ្យអ្នកឯងយកទៅផ្សាយ បើអ្នកឯងផ្សាយខុសអ្នកឯងត្រូវទទួលខុសត្រូវលើកនេះ កុំយកទៅដាក់ចំណងជើងផ្សេង យកល្អអ្នកឯងកុំនិយាយពីខ្ញុំតែម្តងល្អហើយ ម្សិលមិញអាខេមបូឌាដេលី វាផ្សាយអំពីអ្វីចំណងជើងផ្សេងទៅ ឥឡូវកុំផ្សាយតែម្តងទៅល្អ និយាយឱ្យត្រង់ៗ ទូរទស្សន៍គេចាក់គ្រប់ប៉ុស្តិ៍ តែឯង(Cambodia daily) ទៅបំភ្លៃគេទៀត»

កាលពីម្សិលមិញ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផ្ញើលិខិតផ្លូវការមួយច្បាប់ជូនសារព័ត៌មាន The Cambodia Daily ដោយស្នើឲ្យធ្វើការកែតម្រូវជាបន្ទាន់និងប្រញាប់ ចុះផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីជៀសវាងការភ័ន្តច្រឡំសាធារណមតិ។

ប្រតិកម្មរបស់អង្គភាពនេះ បានធ្វើឡើងបន្ទាប់ពីកាសែត The Cambodia Daily ដែលអំពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាមជ្ឍមណ្ឌលកោះពេជ្រដោយបានដាក់ចំណងជើងថា «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ»។

ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងយ៉ាងថា ចំណងជើងរបស់កាសែតមួយនេះ «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ» គឺមានបំណងឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស មានការច្រឡំយ៉ាងធ្ងន់បំផុតចំពោះវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ហើយមានលក្ខណៈញុះញង់ បំផ្លើស និងក្លែងខុស ពីប្រសាសន៍ដើមរបស់សម្តេច ក្នុងគោលបំណងញុះញង់ និងដុតកំហឹងប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចនឹងពិនិត្យមើលផ្លូវច្បាប់ បើសិនជាមានការផ្សព្វផ្សាយខុស បន្តទៀត។ សម្តេចថា «ខ្ញុំនឹងពិនិត្យមើលផ្លូវច្បាប់នានា បើអ្នកហ៊ានផ្សាយខុសពីខ្ញុំ យកល្អអ្នកឯងឈប់និយាយអំពីខ្ញុំតែម្តងទៅ ធ្វើជាស្អប់ ហ៊ុន សែន តែម្តងទៅវាល្អជាង»៕