(ក្រចេះ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្ដសាំងយ៉ុង២គ្រឿង បុកគ្នាធ្លាក់ពីលើផ្លូវ បណ្ដាលមកពីរថយន្ដកាមរី ពណ៌ស្លែ១គ្រឿងផ្សេងទៀតរបស់មន្រ្តីអង្គការបានបើកប្រដេញរថយន្ដទាំងពីរគ្រឿងនោះដើម្បីជម្រិតទារប្រាក់ តែមិនបានសម្រេច ត្រូវក្រឡាប់ទាំងអស់គ្នា។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំនុចភូមិចង្រង់ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
នគរបាលបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលមកពីមន្ត្រីអង្គការឈ្មោះ សឹុង គឹមស៊ារ ភេទប្រុស មុខងារជានាយករងទី១សាខាខេត្តក្រចេះនៃអង្កការឃ្លាំមើលបទល្មើសព្រៃឈើ សត្វព្រៃ និងបរិស្ថាន បានបើករថយន្ដកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2H-០១៨៤ ដេញតាមរថយន្ដសាំងយ៉ុង ដែលដឹកឈើបន្តិចបន្ទួច ដើម្បីជម្រិតទារប្រាក់ ហើយក្នុងដេញនេះបើកបរ ក្នុងល្បឿន យ៉ាងលឿង ទើបគ្រប់គ្រង់មិនបាន បណ្ដាលឲ្យក្រឡាប់ទាំងអស់គ្នា។ រីឯមានមនុស្ស៤នាក់ ដែលជិះរថយន្ដសាំងយ៉ុង រងបួសធ្ងន់ ចំណែកជនបង្កលោក សឹុង គឹមស៊ារ មិនរងរបួសទេ ហើយបានរត់គេចខ្លួនបាត់ស្រមោល។
នគរបាលបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្ដកាមរីជាអ្នកបង្ក ដោយបានដេញរថយន្ដសាំងយ៉ុង ដែលដឹកក្ដារបន្តិចបន្តួចនោះ ហើយក៏ជ្រុលទៅបុករថយន្ដសាំងយ៉ុងមួយគ្រឿងទៀត ដែលធ្វើដំណើរបញ្រាសទិសគ្នា បណ្ដាលឲ្យក្រឡាប់ធ្លាក់ពីលើផ្លូវទាំងពីរតែម្ដង។
តាមប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃលោក សឹុង គឹមស៊ារ ជាមន្រ្តីអង្កការនោះ តែងតែធ្វើសកម្មភាព ដេញតាមជម្រិតទារលុយពីរថយន្ដដឹកឈើបន្តិចបន្តួច ជារៀងរាល់ថ្ងៃ ហើយពួកគាត់បន្តទៀតថារថយន្ដដឹកឈើទាំងនោះខ្លាចលោក សឹុង គឹមស៊ារ ខ្លាំងណាស់ ព្រោះបើគាត់ជម្រិតទារលុយហើយ គឺមិនតិចជាង១០០ដុល្លារទេ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្ត និងវត្ថុតាង ត្រូវបាននគរបាលដឹកទៅរក្សាទុកនៅអធិការនគរបាលដ្ឋានស្រុកចិត្របុរី ចំណែកឯជនបង្កសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវរកមុខ ដើម្បីយកមកចាត់ការតាមផ្លូវនីតិវិធីច្បាប់៕