(ញូដេលី)៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល និង មិនធ្លាប់កើតមានមួយ បាននាំឲ្យសាធារណជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបុរសវ័យ ៣៩ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួន នៅដើមឈើ មួយដើមក្បែររបងរដ្ឋសភា របស់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយនៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា បុរសខាងលើនេះទំនងជាបានចងក ខ្លួនឯងព្យួរនឹងដើមឈើមួយដើម នៅជាប់របងរដ្ឋសភា ស្ថិតនៅចំកណ្តាលរដ្ឋានីញូដេលី នាពេលទៀបភ្លឺ ហើយរហូតមកដល់ពេលព្រឹកថ្ងៃព្រហស្បតិ៍នេះ ទើបអ្នកដំណើរបានឆ្លងកាត់ និងឃើញសាកសពបុរសនោះព្យួរ នឹងដើមឈើ។ ភ្លាមៗប៉ូលិសឥណ្ឌា បានធ្វើការសន្និដ្ឋានថា បុរសនោះគឺបានធ្វើអត្តឃាតខ្លួនឯង ហើយបើតាមអត្តសញ្ញាណនោះ គឺរូបគេបានធ្វើដំណើរមកពី រដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេស។
គួរបញ្ជាក់តាមការសង្ស័យថា ជនរូបនោះទំនងជាចង់ធ្វើការទាមទារអ្វីមួយ ទៅដល់ស្ថាប័នច្បាប់ កំពូលរបស់ជាតិ ប៉ុន្តែយ៉ាងណាក៏ដោយ ការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការសម្លាប់ខ្លួន នោះកំពុងប្រព្រឹត្តទៅនៅឡើយ៕