(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា នៅខែកក្កដាខាងមុខ ក្រុមកីឡាករឆ្នើមៗ នៃលីគបាល់បោះសហរដ្ឋអាមេរិក NBA នឹងធ្វើដំណើរមកប្រទេសកម្ពុជា តាមរយៈ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ដល់ក្រុមកីឡាបាល់បោះកម្ពុជា ក៏ដូចជារៀបចំកម្មវិធី សប្បុរសធម៌ផងដែរ។
អគ្គលេខាធិការ NOCC រូបនេះបានលើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីការប្រកួតបាល់បោះស្រាបៀរ អង្គរ ឆ្នាំ២០១៦ កាលពីព្រឹកមិញ។ លោកថា នេះជាដំណឹងល្អមួយ សម្រាប់វិស័យកីឡាបាល់បោះកម្ពុជា ដែលនឹង ទទួលបានកិច្ចសហការល្អជាមួយនឹងក្រុមបាល់បោះលំដាប់កំពូល នៃសហរដ្ឋអាមេរិកនោះ។
លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា «ក្រុម NBA របស់អាមេរិកនេះ នឹងធ្វើដំណើរមកកម្ពុជា ១សប្ដាហ៍ ពីថ្ងៃទី១១-១៨ ខែកក្កដាខាងមុខ។ ជាមួយនឹងដំណើរទស្សនកិច្ចផ្លូវការនេះ ពួកគេនឹងធ្វើកម្មវិធីសប្បុរសចំនួន២ សម្រាប់កម្ពុជា ទី១-គឺពួកគេមក ដើម្បីលើកទឹកចិត្ត និងពង្រឹងសមត្ថភាពកីឡាបាល់បោះកម្ពុជា ទី២-ពួកគេនឹងរៀបចំកម្មវិធីផ្ដល់បាល់ រួមទាំងសម្ភារៈ ដល់សិស្សសាលាមួយចំនួនក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត»។
លើសពីនេះ ការផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយ NBA នឹងជំរុញបាល់បោះកម្ពុជាឲ្យកាន់រីកចម្រើន ដើម្បីពង្រឹង សមត្ថភាពបាល់បោះកម្ពុជាឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ម្យ៉ាងក៏ដើម្បីបញ្ចប់ ភាពខ្លាំងរបស់ក្រុមហ្វីលីពីន ដែលមិនទាន់មានប្រទេសក្នុងតំបន់អាស៊ានយកឈ្នះផងដែរ លោក វ៉ាត់ ចំរើន បន្ថែម៕