(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ បានថ្លែងថា គ្រប់មន្ដ្រីដែលត្រួតពិនិត្យ នៅតាមជញ្ជីងថ្លឹងរថយន្ដទាំងអស់ នៅទូទាំងប្រទេស មិនត្រូវអនុញ្ញាតឲ្យរថយន្ដលើសទម្ងន់ ដែលបានឆ្លងការត្រួតពិនិត្យរបស់ខ្លួនហើយ តែនៅតែឲ្យរថយន្ដនោះបន្ដដំណើរ ទៅមុខទៀតនោះទេ បើសិនមានករណីនេះ នឹងពិន័យធ្ងន់ធ្ងរ រួមទាំងផាកពិន័យជាទឹកប្រាក់ ដល់មន្ដ្រីនោះផ្ទាល់តែម្ដង។
លោកទេសរដ្ឋមន្ដ្រីបានលើកឡើងក្នុងកិច្ចប្រជុំ សមាជិកគណៈកម្មការត្រួតពិនិត្យ រថយន្តដឹកលើសទម្ងន់ ដើម្បីពិភាក្សាលើវិធីសាស្ត្រ និងវិធានការត្រួតពិនិត្យលើរថយន្តដឹកលើសទម្ងន់ នៅសាលប្រជុំនៃទីស្ដីការក្រសួង បន្ដទៀតថា «យើងនឹងមិនលើកលែងនោះឡើយ បើសិនជាមន្ដ្រីនៅតាមទីតាំងត្រួតពិនិត្យថ្លឹងជញ្ជីងនៅកន្លែងណាមួយដែលហ៊ាន សិះសុះ ឬឃុបឃិតគ្នានោះ នឹងត្រូវផាកពិន័យទៅតាមច្បាប់ផងដែរ» ។
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ ក្រសួងសាធារណ និងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងប្រជុំពិភាក្សាគ្នាម្ដងទៀត ដើម្បីរៀបចំនូវច្បាប់ ក៏ដូចជាយុទ្ធសាស្ដ្រផ្សេងៗទៀត ដើម្បីទប់ស្កាត់ និងបង្កា្រប នូវរថយន្ដដែលបើកបរ លើសទម្ងន់លើដងផ្លូវទៅទៀត៕