(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងទៅលើអ្នកដែលបានប្រឌិតព័ត៌មានថា កូនប្រុសច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មេដឹកនាំវៀតណាម។ សម្តេចតេជោ បានចាត់ទុកការប្រឌិតរឿងនេះរៀបចំ ឡើងដោយបក្សប្រឆាំង និងជាការប្រមាថធ្ងន់ធ្ងរបំផុតលើកូនប្រុស និងភរិយារបស់សម្តេច ទាមទារឲ្យបក្សប្រឆាំងបកស្រាយឲ្យបានច្បាស់លើរឿងនេះ។ (សូមស្តាប់ប្រសាសន៍សម្តេចខាងក្រោម)
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ IIC នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់ជីវិតគ្រួសាររបស់សម្តេច ដែលបានជួបការលំបាកជូរចត់ខ្លាំងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននាំឲ្យកូនប្រុសម្នាក់ស្លាប់ និងត្រូវឃ្លាតចាកឆ្ងាយភរិយា និង កូនក្នុងផ្ទៃ ក្នុងដំណាក់កាលចេញតស៊ូរំដោះជាតិចេញពីកណ្តាប់ ដៃរបស់បនប្រល័យពូជសាសន៍ ជាហេតុធ្វើឲ្យកូនមិនស្គាល់ពុក។
រំលឹកដល់ភាពឈឺចាប់ នៃការប្រាត់ប្រាស់ក្នុងជីវិតគ្រួសារនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាននឹកឃើញដល់ភាពឈឺចាប់កាន់តែ ចំពោះការលើកឡើង និងចោទបំភ្លៃថា កូនប្រុសរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មេដឹកនាំវៀតណាម ឡេ ដឹកថ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ព្រោះតែការប្រឌិតព័ត៌មានកូនប្រុសរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ដែលសម្តេចចាត់ទុកថា ជាកូនប្រុសមានភាពហ្នឹងនជាងគេនោះ ធ្លាប់បានសុំសម្តេចធ្វើការពិនិត្យ DNA ដោយដាក់លក្ខខណ្ឌជាមួយបក្សប្រឆាំងថែមទៀតផង។ បើតាមការបញ្ជាក់របស់សម្តេចតេជោ លក្ខខណ្ឌ ដែលលោក ហ៊ុន ម៉ាណែត ចង់ដាក់ជាមួយបក្សប្រឆាំងនោះគឺ ប្រសិន DAN ពិនិត្យឃើញដូចគ្នា ត្រូវឲ្យបក្សប្រឆាំងដកខ្លួនចេញពីឆាកនយោបាយ ហើយបើពិនិត្យឃើញមិនដូចគ្នា សម្តេចក៏ដកខ្លួនដូចគ្នាផងដែរ។
សំណើកើតចេញពីការឈឺចាប់ព្រោះការប្រមាថដ៏ធ្ងន់ធ្ងរនេះ ត្រូវបានសម្តេចឆ្លើយតបវិញថា «កុំរវល់ជាមួយពួកវា»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាមួយសម្តីធ្ងន់ៗយ៉ាងដូច្នេះ «ប៉ុន្តែខ្ញុំអត់នឹកថា ពួកបក្សប្រឆាំងអាចធ្វើអំពើថោកទាបបែបនេះបាន អត់នឹកដល់។ ដូច្នេះខ្ញុំត្រូវប្រកាន់ឥរិយាបថមួយ ព្រោះខ្ញុំបាននិយាយហើយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខដែរ។ ថ្នាក់ដល់កម្រិតថា កូនរបស់ខ្ញុំនេះ ប្រពន្ធរបស់ខ្ញុំនេះ ជាប្រពន្ធមេដឹកនាំវៀតណាមណាមួយនោះ រួចហើយបានកូន ហ៊ុន ម៉ាណែត នេះយកទៅឲ្យ សុខ អាន ចិញ្ចឹម។ គេអាចទៅរួច មូលបង្កាច់បែបនេះទៅរួច តើរឿងស្អីទៀត ដែលគេមិនអាចមូលបង្កាច់បាន»។
សម្តេចបានបន្តថា «សូមផ្តាំទៅបក្សប្រឆាំង បើអ្នកឯងចង់លេង ខ្ញុំកំដរលេងជាមួយអ្នកឯង។ កូនប្រុសខ្ញុំ (ហ៊ុន ម៉ាណែត) ប្រកាសវៃថា ពុក ឥឡូវខ្ញុំសូមប្រកាសហ្មង ត្រូវដាក់ខសន្យាជាមួយគ្នា បើធ្វើ DNA ធ្វើ DNA ទៅ ខ្ញុំមិនមែនជាកូនពុកអ្នកឯង ត្រូវដកខ្លួនចេញពីនយោបាយ ប៉ុន្តែផ្ទុយទៅវិញ បើខ្ញុំមិនមែនជាកូនរបស់ពុកម៉ែ ខាងយើងក៏ត្រូវដកខ្លួនដែរទៅ។ ខ្ញុំវៃទៅវិញ កុំរវល់ជាមួយពួកវា។ ហ៊ុន ម៉ាណែត ជាមនុស្សហ្នឹងនជាងគេ ក្នុងចំណោមកូន ក៏ប៉ុន្តែអត់ទ្រាំមិនបានជាមួយការប្រមាថ។ ប្រមាថប្រពន្ធរបស់ខ្ញុំ ស្មើនិងស្រីរបស់មេដឹកនាំវៀតណាម ម្នាក់ ប្រមាថប្រពន្ធរបស់ខ្ញុំ កូនរបស់ខ្ញុំ ទៅជាកូនរបស់មេដឹកនាំវៀតណាមម្នាក់»។
សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសហើយថា សម្តេចមិនលើកលែងឲ្យបក្សប្រឆាំងឡើយ ចំពោះការប្រមាថដ៏ធ្ងន់ធ្ងរមកលើកូនប្រុស និងភរិយារបស់ សម្តេច ហើយសម្តេចបានទាមទារឲ្យបក្សប្រឆាំង ត្រូវតែធ្វើការបកស្រាយទៅលើបញ្ហានេះ។ «ចឹងទេខ្ញុំប្រាប់ឲ្យហើយ ចំណុចនេះមួយដាច់ខាត ហើយពួកអ្នកឯង គ្មានការកែតម្រូវណាមួយ ឬគ្មានណែនាំណាមួយឲ្យខ្ញុំឃើញអ្នកឯងមិនចាំបាច់រកដៃ ហ៊ុន សែន ជួយអីទេ។ ដំណើរការក្តីរបស់ តុលាការ គឺត្រូវធ្វើដោយតុលាការ ដោយគ្មានការពាក់ព័ន្ធជាមួយ ហ៊ុន សែន កុំមកនិយាយ»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ខាងក្រោម៖