(ភ្នំពេញ)៖ ជនសង្ស័យចំនួន ៣នាក់ ដែលលួចរថយន្តយ៉ាងសកម្ម ត្រូវនគរបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម។ នេះបើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣៖៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ធ្វើការស្រាវជ្រាវស្វែងរកតាមប្រព័ន្ធGPS នៅក្នុងរថយន្ត និងបើកប្រតិបត្តិការបង្ក្រាប ករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម នៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ ខេត្ដកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់។

ចំណែកជនរងគ្រោះឈ្មោះ លឹម គឹមស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកដឹកជញ្ជូន។

ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖

* ១. ឈ្មោះ សុិន សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងវែង ឃុំថុង ស្រុកបសេដ ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។

* ២. ឈ្មោះ សំ មាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។

* ៣. ឈ្មោះ សំ ហឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យក រួមមាន រថយន្ដដឹកទំនិញ ចំនួន០២គ្រឿង ម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម ២A ៦៨៣២ និងម៉ាក់ HYUNDAI PORTER ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ ២ A ៦៤៧៩ និងម៉ូតូ០១គ្រឿងម៉ាក Clak ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ ១I ៥៨៦៩។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធី៕