(ភ្នំពេញ)៖ ក្នុងសារអបអរសាទរទិវាសេរីភាពសារព័ត៌មាន ៣ឧសភា នៅឆ្នាំនេះ ក្លិបអ្នកកាសែត កម្ពុជា (ក.អ.ក) សង្កេតឃើញថា រយៈពេលមួយឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មានទាំងអស់ បានខិតខំបំពេញការងារយ៉ាងសកម្ម និងបានបំពេញតួនាទីយ៉ាងល្អក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋទោះជាវិបត្តិកូវីដ១៩ បានធ្វើឲ្យការងាររបស់ពួកគេជួបការលំបាកយ៉ាងខ្លាំងក៏ដោយ។

ក្លិបអ្នកកាសែត កម្ពុជា (ក.អ.ក) អះអាងថា អ្នកសារព័ត៌មាននៅតែអាចដើរតួនាទីក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋអំពីជំងឺកូវីដ១៩, ការចាក់វ៉ាក់សាំង និងបញ្ហាសង្គម សេដ្ឋកិច្ចជាច្រើនទៀតដោយពួកគេបានពុះពារគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ ក្លិបអ្នកកាសែតកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានក្នុងដំណាក់កាលដ៏លំបាកនេះ។

ទន្ទឹមនឹងនោះ ការរីកលូតលាស់នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យសារព័ត៌មានឲ្យមានការប្រែប្រួលគួរឲ្យកត់សម្គាល់ដែរ។ អ្នកសារព័ត៌មានមួយចំនួនដែលពីមុនមិនចេះប្រើ ឬមិនស្ទាត់ក្នុងការប្រើកុំព្យូទ័រ ឬទូរស័ព្ទស្មាតហ្វូនដើម្បីបម្រើឲ្យការងាររបស់ខ្លួន បានខិតខំអភិវឌ្ឍន៍ខ្លួនយ៉ាងលឿនរហ័សរហូតអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបទាំងអស់នេះ បានគ្រប់ៗគ្នាដើម្បីសម្រួលការទទួល និងការផ្សាយព័ត៌មានបានឆាប់រហ័សជាងមុន។ ចំណែកឯសារព័ត៌មានបែបប្រពៃណី ( កាសែតបោះពុម្ព វិទ្យុ និងទូរទស្សន៍) ក៏បានខិតខំផ្សារភ្ជាប់ការងាររបស់ខ្លួនទៅនឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីរត់ឲ្យទាន់ការវិវឌ្ឍន៍យ៉ាងលឿនរហ័ស នៃបច្ចេកវិទ្យាសម័យទំនើប។ បើទោះបីជាកាសែតមួយចំនួនបានបញ្ឈប់ការបោះពុម្ព ក៏សារព័ត៌មានទាំងនោះនៅតែអាចបន្តការផ្សាយបានតាមរយៈ Digital Platform របស់ខ្លួនដដែល។

បន្ទាប់ពីបានកត់ត្រាបញ្ហាមួយចំនួនដែលបានកើតឡើងរយៈពេលមួយឆ្នាំចុងក្រោយ និងបន្ទាប់ពីសិក្សាទៅលើបញ្ហាទាំងឡាយដែលកើតឡើង ក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថា រាល់បញ្ហាដែលបានកើតឡើង គឺមួយផ្នែកបណ្តាលមកពីកំហុសវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយផ្នែកទៀតមកពីអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូច ដែលមិនយល់ច្បាស់ពីការងាររបស់អ្នកសារព័ត៌មាន ហើយបានចាត់វិធានការលើសលស់មកលើអ្នកសារព័ត៌មាន ខណៈដែលសមត្ថកិច្ចជាច្រើនទៀត​បានយល់និងបាន​ផ្តល់កិច្ចសហការយ៉ាងល្អជាមួយអ្នកសារព័ត៌មាន។ ចំណែកបញ្ហាមួយផ្នែកទៀតបណ្តាល​មកពីចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មាន​ដែលមិនអនុលោមតាម​ច្បាប់ស្តីពីរបបសារព័ត៌មាន។ ក្លិបអ្នកកាសែតកម្ពុជាក៏បានបញ្ជាក់ថា បានសហការជាមួយក្រសួងព័ត៌មាន ដើម្បីសម្របសម្រួលដោះស្រាយ​បានបញ្ហាជាច្រើនជូនអ្នក​សារព័ត៌មាន។

ដូច្នេះ ដើម្បីធានាឲ្យការអនុវត្តសេរីភាពសារព័ត៌មានប្រព្រឹត្តទៅដោយរលូន និងបានជាប្រយោជន៍ដល់សាធារណជន និងសង្គម ក្លិបអ្នកកាសែតកម្ពុជា បានអំពាវនាវសារ​ជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់សូមគោរពឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈដើម្បីរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ក៏ដូចជាបង្កើតបាននូវជំនឿចិត្ត​របស់​មហាជនមកលើសារព័ត៌មាន។

ដោយយល់ឃើញថា ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនៅតែជាសេចក្តីត្រូវការចាំបាច់ ក្លិបអ្នកកាសែតកម្ពុជាទើបតែបានធ្វើបច្ចុប្បន្នភាពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយបំពេញបន្ថែមចំណុចមួយចំនួនសម្រាប់ជាជំនួយស្មារតីដល់សមាជិកសមាជិការរបស់ក្លិបក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ក្នុងពេលអនុវត្តការងារ។ ទន្ទឹមនឹងនោះ ក្លិបអ្នកកាសែតកម្ពុជា នឹងបន្តបេសកកម្មបណ្តុះបណ្តាលអ្នកសារព័ត៌មាន បន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាពង្រឹងសេរីភាពសារព័ត៌មាននៅកម្ពុជា ប្រកបដោយការទទួលខុសត្រូវ។

ក្លិបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូច ដូចបានលើកឡើងខាងលើ សូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូ និងផ្តល់កិច្ចសហការបន្ថែមទៀតជាមួយអ្នកសារព័ត៌មាន ដើម្បីបើកលំហនៃការទទួល និងការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីដែលមានពាក្យបណ្តឹងពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន សូមភាគីពាក់ព័ន្ធក៏ដូចជាស្ថាប័នអនុវត្តច្បាប់ប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីដំណើរការនីតិវិធីនៃពាក្យបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន។

ក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា មានតែការអនុវត្តតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវរៀងៗខ្លួន បូកផ្សំនឹងការយោគយល់គ្នា និងការគោរពផ្តល់តម្លៃគ្នាទៅវិញទៅមករវាងអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ទេ ទើបអាចធានាបាននូវផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋនិងសង្គម ក៏ដូចជាការបញ្ចៀសបាន នូវរាល់បញ្ហាដែលតែងកើតឡើង៕