(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានព្រមាន និងមានវិធានការលើមន្រ្តីនគរបាលខេត្តណាដែលធ្វើសកម្មភាពដាក់បណ្តុំ កុងត្រូលជជុះ ខុសច្បាប់ ហើយនិងមានវិធានការដល់បុគ្គលណាដែលប្រព្រឹត្តសកម្មភាព នេះពិសេសលោកអធិការ នគរបាលស្រុក-ក្រុងដែលបណ្តែតបណ្តោយមិនមានវិធានការ លើមន្រ្តីខ្លួន។
ការព្រមានបែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រជុំបូកសរុបការងារលទ្ធផលប្រចាំខែ និងបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាល ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ឧសភា ឆ្នាំ២០១៦។
ស្នងការនគរបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារបង្រ្កាបប៉ុស្តិ៍អនាធិបតេយ្យ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់ថា លោកនឹងមានវិធានការបោសសំអាតប៉ុស្តិ៍អនាធិបតេយ្យដែលកំពុងតែធ្វើ សកម្មភាព ត្រួតពិនិត្យខុសច្បាប់និងនាំការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដោយឡែកចំពោះស្ថានភាពបទល្មើសព្រហ្មទណ្ឌនៅខេត្តក្រចេះ លោកឧត្តមសេនីយ៍លន់ សុផាត បានជម្រុញឲ្យនាយ-នាយ រងនគរបាលព្រហ្មទណ្ឌពិសេសនគរបាល ដែលទទួលបាន ការតែងតាំងជាអធិការរងនគរ បាលស្រុក និងទទួលបានការបំពាក់ឋានន្តរស័ក្តិត្រូវបន្តការ ខិតខំយកចិត្តទុកដាក់ធ្វើកិច្ច ការងារទៅតាមភារកិច្ចកតាព្វកិច្ចការងារជាកងកម្លាំងនគរបាល បម្រើដល់ពលរដ្ឋឲ្យកាន់តែ មានភាពប្រសើរជាងមុន។
នាយរងការរិយាល័យបុគ្គលិកលោកវរសេនីយ៍ទោ សន សីុយ៉ន បានបញ្ជាក់ឲ្យដឹងថា មាននាយ នាយរងនគរបាលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តចំនួន២៤នាក់ ទទួល បាន ការបំពាក់ឋានន្តរស័ក្តិ និងចូលកាន់មុខតំណែង ក្នុងនោះមានចាប់ពីថ្នាក់អនុសេនីយ៍ ឯក២រូប អនុសេនីយ៍ទោ៥រូប អនុសេនីយ៍ត្រី៥រូប ព្រឹន្ទបាលឯក២រូប និងថ្នាក់ព្រិន្ទបាល ឯកចំនួន២រូប។
ជាមួយគ្នានេះដែរ ក៏មានការប្រកាសតួនាទី ចូលកាន់មុខតំណែងអធិការរង នគរបាលស្រុកក្រុងចំនួនចំនួន៣ស្រុក និងក្រុង១៕
លោកឧត្តមសេនីយ៍ លន់ សុផាត បានជម្រុញឲ្យនាយ-នាយរងនគរបាល យកចិត្តទុកដាក់អនុវត្តភារកិច្ចការ ងារតាមតួនាទី អនុវត្តតាមបទបញ្ជាការអនុវត្តតាមបទបញ្ជាការឯកភាពខេត្ត-ស្រុកដើម្បី ពង្រឹងលើសន្តិសុខមូលដ្ឋានប្រយោជន៍ការពារសន្តិសុខការរស់នៅរបស់ពលរដ្ឋ។
បន្ថែម ពីលើនេះលោកឧត្តមសេនីយ៍ លន់ សុផាត បានដាក់វិធានការបន្ថែមដល់កម្លាំងនគរបាល បន្តការយកចិត្តទុកដាក់ផ្តល់ ជូនទឹកស្អាតនិងជម្រករស់នៅសមរម្យដល់ពលរដ្ឋនៅតាម ស្រុកគោលដៅណាដែល ប្រឈមនិងគ្រោះរាំងស្ងួតនិងគ្រោះធម្មជាតិផ្សេងៗ ពិសេសការ ផ្តល់សេវាបម្រើការងារតាម តម្រូវការផ្សេងៗជូនពលរដ្ឋឲ្យទាន់ពេលវេលា តបទៅតាមទិស ដៅផែនការរបស់អគ្គស្នង ការនគរបាលជាតិ៕