(កំពង់ស្ពឺ)៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ មានសភាពធូរស្រាល កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារជនជាតិភាគតិច ដែលងាយរងគ្រោះបំផុត រួមានចាស់ជរាអត់ទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន និងកុមារកំព្រាចំនួន ៤២២គ្រួសារ រស់នៅតំបន់ដាច់ស្រយាលនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា៖ ក្នុងបេសកកម្មមនុស្សធម៌នៅលើទឹកដីស្រុកឱរ៉ាល់នេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ដោយក្រុមការងារបានចុះពិនិត្យជាក់ស្តែងដើម្បីឱ្យបានឃើញពីអ្នកងាយរងគ្រោះបំផុត និងខ្វះខាតពិតប្រាកដ ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាលពិបាកនឹងធ្វើដំណើរទៅដល់។
ជាក់ស្តែងបេសកកម្មថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២ ខែឧសភានេះ គឺជាថ្ងៃដែលក្រុមការងារបានបញ្ចប់បេសកកម្មនៅខេត្តកំពង់ស្ពឺ ហើយដែលយើងបានបន្តចែកជូនដល់គ្រួសារជនជាតិដើមភាគតិចសរុប៤២២គ្រួសារ ដែលរស់នៅតំបន់ឆ្ងាយៗ ក្នុងឃុំ ត្រពាំងជោ និងឃុំតាសាល ដែលរៀបចំឡើងនៅទីតាំងចំនួន៣កន្លែងផ្សេងគ្នា។
ដោយឡែកបេសកកម្មថ្ងៃទី១ គឺកាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ យើងបានសម្រេចចែកជូនប្រជាពលរដ្ឋ២០១គ្រួសារ នៅឃុំហោងសំណំ និងឃុំសង្កែសាទប ដែលបានធ្វើនៅទីតាំង ៤កន្លែងផ្សេងគ្នា។ ថ្ងៃបន្ទាប់ ដែលត្រូវនឹងថ្ងៃទី៣០ ខែមេសានោះ យើងបានបន្តសម្រេចបានប្រជាពលរដ្ឋ២១៦គ្រួសារ នៅឃុំសង្កែសាទប និងឃុំរស្មីសាមគ្គី ដែលធ្វើឡើងនៅទីតាំង៣កន្លែងផ្សេងគ្នា។ ដូច្នេះ សរុបរួមនៃការផ្តល់អំណោយជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតរស់នៅឃុំទាំង៥ នៃស្រុកឱរ៉ាល់គឺសម្រេចបាន៨៣៩គ្រួសារ លើ៩,៥៨០គ្រួសារ នៃប្រជាពលរដ្ឋទូទាំងស្រុកទាំងមូល។
លោកស្រីបានសម្តែងក្តីសប្បាយរីករាយ និងពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដែលនៅតំបន់ដាច់ស្រយាលនេះ ព្រោះថាតំបន់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញចុះមកសួរសុខទុក្ខ និងចែកអំណោយជូនដោយផ្ទាល់កាលពីពេលកន្លងទៅ។
លោកស្រី ម៉ែន នារីសោភ័គ បានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដេីម្បីដោះស្រាយជួយសម្រាលការលំបាកជូនពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ»។
ក្នុងឱកាសនោះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដេីម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ។
បន្ថែមពីនេះលោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ឬក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម។
ជាមួយគ្នានេះសូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
លោកស្រីក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀត។
ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទើរគ្រប់ទីកន្លែងនោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានអំពាវនាវប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហើយក៏សូមចូលរួមអនុវត្ត ភូមិឃុំមានសុវត្ថិភាព ចៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា និងចេះស្រឡាញ់ សាមគ្គីគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ជាតិសាសន៍ ជំនឿសាសនា ក្រោមម្លប់នៃសន្តិភាព។
លោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព និងជាមាតាមនុស្សធម៌ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាចិត្តចូលរួមការពារសុខសន្តិភាពឱ្យបានជាដាច់ខាត ព្រោះថាលោកយាយលោកតាធ្លាប់បានឆ្លងកាត់សង្គ្រាម ក្តីវិនាសព្រាត់ប្រាស់ ដែលមិនចង់ឱ្យហេតុការណ៍នេះ កើតឡើងវិញឡើយ ហើយចង់មើលឃើញការអភិវឌ្ឍបន្តទៅមុខទៀត ក៏ដូចជាចង់បានការវិនិយោគទុនជាច្រើនមកលើទឹកដីស្រុកឱរ៉ាល់ ដែលជាតំបន់អេកូទេសចរណ៍មួយនេះ។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវអង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, ជែលលាងដៃ ១ដប, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកាបន្ថែមចំនួន ២ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានវេរប្រគេននូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់នៅវត្តតាឡួតមានជ័យ និងវត្តស្ទឹងឃ្លៀចផងដែរ៕