(ភ្នំពេញ)៖ យ៉ាងហោចណាស់មានភាគីពាក់ព័ន្ធប្រមាណជិត៣០០នាក់ ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការរដ្ឋាននៃ គធ.ខប សមាជិកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ សមាជិកសេវាកម្មច្បាប់ និងវិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធសរុបប្រមាណ២៩១នាក់។

រយៈពេល៣ថ្ងៃមកនេះ គ.ជ.ប បានបញ្ជ្រាបអំពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតដំណាក់កាលទី២ ផ្តោតសំខាន់លើការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឯ.អ ការបោះឆ្នោតការរាប់សន្លឹកឆ្នោត ការគ្រប់គ្រង និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដោយមានប្រព័ន្ធបច្ចេកវិទ្យាទំនើបជាជំនួយដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមការធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខរបស់មន្ត្រីបោះឆ្នោត។

សេចក្ដីប្រកាសព័ត៌មានដដែលបានដកស្រង់សម្ដីរបស់លោក ទេព នីដា អគ្គលេខាធិការ គ.ជ.ប យ៉ាងដូច្នេះថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ប៉ុន្តែក្នុងករណីដែលអ្នកបោះឆ្នោតពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់គាត់បានអស់សុពលភាព ឬបាត់ ឬខូច ឬកែតម្រូវ ផ្អែកតាមមាត្រា ១៦៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្ដីណែនាំរួមលេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប សាមីអ្នកបោះឆ្នោតនោះអាចទៅបំពេញបែបបទស្នើសុំ ឯ.អ ពី គឃ.សប និងអាជ្ញាធរឃុំ សង្កាត់បានដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
ដូចនេះការងារសំខាន់ចំពោះមុខនេះ គឺត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់ជូននូវ ឯ.អ ដល់ប្រជាពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់បើប្រាស់ក្នុងការបោះឆ្នោតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕

ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖