(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វត្តមានរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសនេះ ពិតជាបង្ហាញនូវការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ ដល់សមណនិស្សិត និងនិស្សិត ក្រីក្រដែលមិនមានលទ្ធភាពទៅសិក្សានៅសាលាឯកជន ហើយវាក៏ជាការគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ការថ្លែងបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ផ្លូវការអគារសិក្សា អាគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់សញ្ញាបត្រជូនសមណនិស្សិត និសិ្សតថ្នាក់បរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅវត្តសុទស្សនារាមជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ។
លោកអភិបាលខេត្ត បានលើកឡើងថា កម្ពុជាបានអភិវឌ្ឍន៍គ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ដោយបានចាត់ទុកពុទ្ធចក្រ និងអាណាចក្រ គឺជាកង់ទាំងគូរសម្រាប់ទ្រទ្រង់ជាតិ និងនាំជាតិឆ្ពោះទៅកាន់វឌ្ឍនភាព ដែលមិនអាចខ្វះកង់ចក្រមួយណាបានឡើយ ទោះបីជាបច្ចុប្បន្ន វិស័យអប់រំខាងអាណាចក្រមានការីកចម្រើន ក៏នៅតែត្រូវការខាងពុទ្ធចក្រប្រៀបដូចជា ជើងឆ្វេង និងជើងស្តាំ សម្រាប់ទ្រទ្រង់ដងខ្លួនទាំងមូល បើក្រឡេកមើលពី អតីតកាលវិស័យពុទ្ធចក្រ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ដូចនេះ អាចនិយាយបានថា វិស័យពុទ្ធចក្រ គឺជាប្រភពនៃការអប់រំ និងជាកម្លាំងចលករ ដែលមិនអាចខ្វះបាន តួយ៉ាងសមិទ្ធផលនានា មានជាអាទិ៍វត្តអារាម និងសមិទ្ធផលនានាជាច្រើនឥតគណនាបានគឺសុទ្ធតែកើតចេញពីកម្លាំង មហាសាមគ្គី និងជំនឿដ៏មុតមាំរបស់ប្រជាពលរដ្ឋចំពោះព្រះពុទ្ធសាសនា។
ជាមួយគ្នានេះលោក អ៊ុន ចាន់ដា បានបន្ថែមថា គ្រប់សមិទ្ធផលទាំងអស់ដែលមានសព្វថ្ងៃវាជាភស្តុតាង ដែលបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ផលប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ។
លោកអភិបាលខេត្តបញ្ជាក់ថា ជាងនេះទៅទៀត គ្រប់កាលៈទេសៈសម្ដេចតេជោ ហ៊ុន សែន តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមាន ពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះឡើយ។ ពិសេសគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ បានការពារ និងស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជាពីជំងឺដ៏មហាប្រល័យកូវីដ១៩ បានញ៉ាំងចិត្តឱ្យយើងទាំងអស់គ្នា ដឹងគុណជានិច្ច ចំពោះការគិតគូរពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីអាណាត្តិទី៧ និងអាណត្តិក្រោយៗទៀត តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត៕